ប៊ុន សុធា មិនមើលស្រាល ថា សារុន ព្រោះឃើញវាយគូឯក តាំងពីគេនៅវាយគូទី១
ជើងខ្លាំងវ័យក្មេង ប៊ុន សុធា បានបង្ហាញអំពីការត្រៀមខ្លួនជួបសិស្សច្បង ថា សារុន ជាលើកដំបូង ក្នុងការដណ្តើមប្រាក់លាន កម្មវិធីដែនដីអ្នកប្រយុទ្ធគុនខ្មែរស្រាអាឡិចហ្សង់ នាថ្ងៃ អាទិត្យ ទី ១៥ ខែ សីហា នាសង្វៀន CNC ។
កូនសិស្សលោកគ្រូ ធន់ សុភា បានបញ្ជាក់ក្រោយហ្វឹកហាត់ថា ការហ្វឹកហាត់ត្រៀមខ្លួនគឺបានល្អមិនមានបញ្ហាអ្វីនោះទេ ហើយការជួបរៀមច្បងក៏មិនហ៊ានមើលស្រាលដែរ ព្រោះបទពិសោធគូប្រកួតមានច្រើន ពោលរូបគេឃើញ ថា សារុន វាយគូឯក តាំងពីខ្លួននៅវាយគូទី១ រឺ ២ មកម្ល៉េះ ។ ចំណែក ថា សារុន វិញបានលើកឡើងពីសមត្ថភាពគូប្រកួតដែលល្អជង្គង់ និងកែង យ៉ាងណាមិនមានចិត្តក្លាចរអារនោះទេ ដោយចិត្តជាអ្នកកីឡាត្រូវតែតស៊ូ និងប្រឹង អោយអស់ពីកម្លាំងកាយចិត្តលើសង្វៀន ។
នេះជាជំនួបលើកទី១រវាងកីឡាករទាំងពីរដែលប្រកួតគ្នាលើសង្វៀន ដោយអ្នកដែលផ្តួលគូប្រកួតអោយសន្លប់រឺបោះបង់ការប្រកួតនឹងទទួលបានប្រាក់រង្វាន់បន្ថែមពី អាឡិចហ្សង់ ចំនួន១លានរៀលទៀត ។ ប្រកួតចាប់ផ្តើមពីម៉ោង ២:៣០ នាទីរសៀល ដែលមានការផ្សាយផ្ទាល់តាមទូរទស្សន៍ CNC ៕