ឡុង សុភី វិលមកសង្វៀនវិញដោយប៉ះដៃគូចាស់
កំពូលអ្នកប្រដាល់គុនខ្មែរជង្គងទិព្វ ឡុង សុភី ក្រោយពីអត្តវត្តឡើងសង្វៀនក្នុងរយៈពេលខ្លីដោយសារតែបញ្ហាគ្រួសារ (ម្តាយអនិច្ចកម្ម), ឥឡូវនេះអ្នកប្រដាល់គុនខ្មែរក្នុងក្លឹបសារ័ន្តកីឡាបានប្រាប់អ្នកសារព័ត៌មានថា រូបគេនឹងឡើងបង្ហាញវត្តមានប្រកួតលើសង្វៀនវិញហើយនៅថ្ងៃទី១ ខែកញ្ញា ខានមុននេះក្នុងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេរ៍ ដោយរូបគេប្រហែលជាអាចនឹងប៉ះដៃគូចាស់គឺ អ្នកប្រដាល់មកពីប្រទេសថៃ ចៃស៊ូ។ គួររំលឹកថា ចៃស៊ូ ធ្លាប់ប្រកួតចាញ់ ឡុង សុភី រួចម្តងហើយប្រហែលជាង១ខែមុន គ្រានោះគឺប្រកួតចាញ់ ឡុង សុភី ខណៈដែល ចៃស៊ូ ទើបតែសន្លប់ដោយសារផ្លែកែង វង្សណយ ក្នុងទឹកទី៣នៅប៉ុស្តិបាយ័ន។
ក្រោយអវត្តមានឡើងសង្វៀនគុនខ្មែរជាង១ខែមកនេះ ឡុង សុភី ក៏មានការព្រួយបារម្ភខ្លះៗដែរ ព្រោះថាចាប់តាំងពីអវត្តមានប្រកួតរហូតមកដល់ពេលនេះ រូបគេទើបតែហ្វឹកហាត់បានតែ២ទៅ៣ថ្ងៃតែប៉ុណ្ណោះ ដូចនេះទំរាំដល់ថ្ងៃប្រកួតប្រហែលបានពី៥ទៅ៦ថ្ងៃដែរ។ ប្អូនប្រុសលោកគ្រូ ឡុង សាវ័ន្តរូបនេះ ក៏មានការតាំងចិត្តខ្ពស់ណាស់ដែល ពិសេសគឺប្រឹងប្រែងហ្វឹកហាត់អោយខ្លាំងតែម្តង ដើម្បីរក្សាជ័យជំនះលើកីឡាករថៃរូបនេះ៕