គ្រូ Atletico Madrid សរសើរ Arsene Wenger តែថាខ្លួន គ្មានគម្រោងទៅដឹកនាំ Arsenal ទេ
លោក Diego Simeone និយាយថា លោករីករាយនឹងការដឹកនាំ Atletico Madrid និង មិនបាននិយាយអ្វីពាក់ព័ន្ធទៅនឹងការទៅជំនួសលោក Arsene Wenger នៅ Arsenal ទេ។
លោក Simeone ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាននៅកីឡដ្ឋាន Emirates មុនជំនួបជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ UEFA Europa League ។សប្ដាហ៍មុនលោក Wenger បានប្រកាសថា នឹងចាកចេញពីក្រុមកាំភ្លើងធំនៅដំណាច់រដូវកាល ទោះបីនៅសល់កិច្ចសន្យាមួយរដូវកាលទៀតក្ដី។
លោក Simeone បានសរសើរលោក Wenger ថា ជាអ្នកចាត់ការដ៏អស្ចារ្យ តែទទូចថា គ្មានបំណងទៅជំនួសលោក Wenger ទេ។ ជាមួយគ្នានេះ គ្រូបង្វឹកជនជាតិអាហ្សង់ទីនអះអាងថា មិនខ្វល់ពីពាក្យដែលថា ក្រុមលោកជាបេក្ខជននាំមុខនៅ UEFA Europa League នោះឡើយ៕