VAR គឺប្រើប្រាស់នៅ Premier League ធម្មតា!
ការបោះឆ្នោតគាំទ្ររក្សាទុក VAR របស់ក្លឹបនៅ Premier League មានលទ្ធផល (19 ទល់ 1) សម្រាប់រដូវកាលក្រោយចំណែកក្លឹបតែមួយដែលប្រឆាំងនឹងរឿងនេះគឺក្លឹបកញ្ជ្រោង Wolves។ ដើម្បីឱ្យ VAR ត្រូវបានលុបចោលតាមលក្ខខណ្ឌគឺតម្រូវឲ្យក្លឹបចំនួន 14 ក្នុងចំណោម 20 ចាំបាច់ត្រូវបោះឆ្នោតបើពុំនោះទេការតវ៉ាទៅលើរឿងនេះគឺគ្មានប្រសិទ្ធិភាព។
Wolves បានបញ្ជាក់ថាថាពួកគេខកចិត្តនឹងលទ្ធផលនៃការបោះឆ្នោតនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ពួកគេស្វាគមន៍ក្នុងការប្តេជ្ញាចិត្តដើម្បីកែលម្អប្រព័ន្ធ VAR របស់ Premier League នៅរដូវកាលក្រោយ។ ក្របខ័ណ្ឌ Premier League បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងក្នុងការកែប្រែ VAR ដែលត្រូវបានបង្កើតឡើងនៅដើមរដូវកាល 2019-20។
វាត្រូវបានបញ្ជាក់សារជាថ្មីនៅក្នុងកិច្ចប្រជុំថា ប្រព័ន្ធ Offsides ពាក់កណ្តាលស្វ័យប្រវត្តិ (Semi-Automated Offisides) ថ្មីនឹងត្រូវបានប្រើប្រាស់សម្រាប់រដូវកាលក្រោយ។ ចំណុចសំខាន់មួយទៀតក្នុងការកែទម្រង់ថ្មីបានបញ្ជាក់ថា សេចក្តីពន្យល់ពីការសម្រេចចិត្តរបស់អាជ្ញាកណ្តាលនឹងត្រូវបកស្រាយឲ្យអ្នកគាំទ្របានដឹងពេលការប្រកួតត្រូវបានបញ្ចប់។
ដល់ចំណុចនេះ Premier League គឺមានការងារត្រូវធ្វើ!!
1- ការអន្តរាគមន៍រវាងអាជ្ញាកណ្តាលក្នុងទីលាន និងក្នុងបន្ទប់ VAR ត្រូវរក្សាកម្រិតស្តង់ដារខ្ពស់ដើម្បីផ្តល់នូវភាពស៊ីសង្វាក់គ្នាឲ្យកាន់តែខ្លាំងឡើង។
2- ការពន្យាពេលក្នុងការសម្រេចចិត្តរបស់អាជ្ញាកណ្តាលនឹងត្រូវកាត់បន្ថយដោយសារតែការបង្ហាញខ្លួនថ្មីនៃបច្ចេកវិទ្យាពិិនិត្យបាល់ offsides ពាក់កណ្តាលស្វ័យប្រវត្តិ។
3- ការកែលម្អបទពិសោធន៍របស់អ្នកគាំទ្រតាមរយៈការកាត់បន្ថយការពន្យាពេល ចំណែកអាជ្ញាកណ្តាលវិញគឺត្រូវពន្យល់ឲ្យអ្នកគាំទ្របានដឹងនៃការសម្រេចចិត្តរបស់ខ្លួនបន្ទាប់ពីពិនិត្យ VAR។