អនុប្រធានក្លឹប Juventus និយាយថា គ្មានក្លឹបណាអាចមកប៉ះខ្សែប្រយុទ្ធ Cristiano Ronaldo បានឡើយ
កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថាអាចនឹងសម្រេចចែកផ្លូវគ្នាជាមួយ Juventus នៅដំណាច់រដូវកាលនេះ បន្ទាប់ពីមិនអាចជួយឱ្យក្រុមរហស្សនាមសេះបង្កង់យកឈ្នះ Porto ដើម្បីឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាននៅពានរង្វាន់ UEFA Champions League រួមជាមួយនឹងលទ្ធផលមិនសូវល្អនៅក្នុងក្របខ័ណ្ឌ Serie A។
យ៉ាងណាក្តីកាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិ Juventus លោក Fabio Paratici ក៏បានចេញមុខមកបដិសេធភ្លាមៗថា៖ “ក្លឹបមិនឱ្យខ្សែប្រយុទ្ធ Cristiano Ronaldo ចាកចេញពីទឹកដីអ៊ីតាលីបានដោយងាយស្រួលឡើយ ព្រោះគេគឺជាកីឡាករល្អបំផុតនៅលើលោកនេះ។” ដោយឡែកគ្រូបង្វឹក Andrea Pirlo វិញក៏បានឆ្លើយតបជាមួយពាក្យចចាមអារ៉ាមខាងលើដូចគ្នាថា៖ “Cris នៅសល់កុងត្រាប៉ុន្មានឆ្នាំទៀតជាមួយ Juventus ហើយយើងពិតជារីករាយណាស់ដែលមានគេនៅជាមួយយើង។ គេតែងតែស្ថិតនៅក្នុងកម្រិតកំពូលរបស់ខ្លួន ហើយយើងគ្មានអ្វីដែលត្រូវគិតអំពីអនាគររបស់គេឡើយ។”
បន្ថែមពីបុគ្គលទាំង២ខាងលើនេះ បុរសម្នាក់ដែលមានឥទ្ធផលម្នាក់ទៀតគឺលោក Pavel Nedved ជាអនុប្រធានក្លឹប Juventus ក៏បានចេញមុខដើម្បីមកបញ្ចប់មន្ទិលសង្ស័យថា៖ “Cristiano Ronalo មានកុងត្រាជាមួយ Juventus រហូតដល់ឆ្នាំ២០២២ ហើយគ្មានក្លឹបណាអាចមកប៉ះរូបគេបានឡើយ។”
ការចេញមុខមកបដិសេធពីសំណាក់បុគ្គលសំខាន់ៗរបស់ Juventus បែបនេះគឺដោយសារតែមានប្រភពសារព័ត៌មានជាច្រើនបានចុះផ្សាយថា ភ្នាក់ងារកំពូល Jorge Mendes របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានធ្វើការទាក់ទងជាមួយប្រធានក្លឹប Florentino Perez ដើម្បីសិក្សាពីលទ្ធភាពក្នុងការវិញត្រឡប់ដើម្បីមកកាន់ Real Madrid សារជាថ្មីម្តងទៀត។
គួរឱ្យដឹងថា ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យបានសម្រេចការផ្លាស់ចេញពីទឹកដី Santiago Bernabeu មកកាន់ប្រទេសអ៉ីតាលីនៅឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន១០៥លានអឺរ៉ូយ៉ាងគួរឱ្យផ្ញាក់ផ្អើលនៅក្នុងពិភពបាល់ទាត់ ក្រោយពីជួយឱ្យ Real Madrid ឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបលើកទី១៣រួចមក។