យុវនារីខ្មែរនៅបរទេសមានសមត្ថភាពលេងបាល់ទាត់យ៉ាងល្អ ប្រកាសចង់លេងអោយជម្រើសជាតិកម្ពុជា
ដោយសារការស្រលាញ់បាល់ទាត់ខ្លាំងធ្វើអោយកីឡាការនីឈាមជ័រខ្មែរម្នាក់ ចាប់ផ្តើមហ្វឹកហាត់កីឡាដ៏មានប្រជាប្រិយមួយនេះតាំងពីអាយុ 5ឆ្នាំ និងបច្ចុប្បន្នចង់ចូលរួមលេងអោយក្រុមជម្រើសជាតិកម្ពុជា។
គាត់មានឈ្មោះថា Selena Chhiv មានឳពុកម្តាយជាជនជាតិខ្មែរ ដែលពួកគាត់បានទៅរស់នៅកាណាដាជាង 30 ឆ្នាំមកហើយ។ Selena Chhiv កើតនៅប្រទេសកាណាដា មានបងប្អូន 3នាក់ ដោយនាងជាកូនពៅ ហើយមានតែគាត់ម្នាក់តែប៉ុណ្ណោះនៅក្នុងគ្រួសារដែលមាននិស្ស័យស្រលាញ់បាល់ទាត់ខ្លាំង និងវិវឌ្ឍន៏ខ្លួនជាកីឡាការនីបែបនេះ។
សព្វថ្ងៃ Selena Chhiv មានវ័យ 19ឆ្នាំ កំពស់ 1.65m ធ្លាប់បានលេងនៅឈុតយុវជនជាច្រើនដូចជា នៅតាមសកលវិទ្យាល័យដែលនាងកំពុងសិក្សា ជាប់ឈ្មោះលេងអោយជម្រើសរដ្ឋក្នុងប្រទេសកាណាដា ការប្រកួត Futsal ថា្នក់ជាតិ ហើយធ្លាប់ឈ្នះជើងឯកតាមកម្មវិធីផ្សេងៗជាច្រើនទៀតផង។ រូបនាងអាចលេងជាតួនាទីខ្សែការពារស្លាបស្តាំបំរើកណ្តាល និងប្រយុទ្ធស្លាប ដោយសារតែនាងអាចប្រើល្បឿនបានលឿនងាយស្រួលក្នុងការគាំទ្រប្រយុទ្ធខាងលើ។ អំឡុងឆ្នាំ 2020 Selena Chhiv ធ្លាប់លេងអោយក្រុម Cs Fabrose Semi-Pro និង Stark Futsal Club ហើយបន្តមកដល់ឆ្នាំ 2021 នេះវិញរូបនាងបានផ្លាស់មកលេងអោយក្រុម Norte-Dame-De-Grace U19។
យោងតាមបទពិសោធន៏ច្រើនក្នុងឈុតយុវជន និងស្រលាញ់ប្រទេសកម្ពុជាហើយចង់ទទួលបានបទពិសោធន៏បន្ថែមទៀត ទើបជំរុញអោយ យុវនារី Selena Chhiv មានបំណងចង់ចូលរួមលេងអោយក្រុមជម្រើសជាតិផ្នែកនារីរបស់កម្ពុជានៅពេលអនាគត់៕