លោក Carlo Ancelotti ព្រមានអំពីអនាគតកីឡាបាល់ទាត់បន្ទាប់ពីវីរុសឆ្លងបានកន្លងហួស
(BC-99)
អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ Everton លោក Carlo Ancelotti បានផ្ញើសារព្រមានយ៉ាងចាំបាច់ទៅកាន់សហព័ន្ធបាល់ទាត់ អង់គ្លេស អោយត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរដ៏ធ្ងន់ធ្ងរមួយ។
ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំងនាអំឡុងពេលមានវិបត្តិជំងឺរាតត្បាតបែបនេះលោកបានព្យាករណ៍ថា “ចំណូលក្នុងវិស័យកីឡាប្រភេទនេះនឹងមានការធ្លាក់ចុះគួរអោយព្រួយបារម្ភ។ កីឡាករបាល់ទាត់និងគ្រូបង្វឹកនឹងទទួលបានថ្លៃខ្លួនតិចជាងមុនស្របពេលដែលសំបុត្រនឹងត្រូវចុះថោកដោយសារតែមនុស្សម្នាក៏មានចំណូលកាន់តែតិច។ សេដ្ឋកិច្ចនឹងមានការផ្លាស់ប្តូរនៅគ្រប់កម្រិតហើយយើងត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់” ។
ការប្រកួតបាល់ទាត់ស្ទើរទូទាំងពិភពលោកកំពុងបិទខណៈដែលគ្រប់ប្រទេសកំពុងប្រយុទ្ធជាមួយ Covid-19 ដែលកំពុងតែកាត់ផ្តាច់ជីវិតមនុស្សរាប់ពាន់នាក់ វាបានធ្វើឱ្យក្លិបនៅគ្រប់កម្រិតកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុនៅចំពោះមុខលើការចំណាយដែលកំពុងតែកើនឡើងដោយមិនមានប្រាក់ចំណូលពិតប្រាកដ។ League និងក្លឹប កំពុងស្វែងរកវិធីដើម្បីបញ្ចប់រដូវកាលដើម្បីធានាថាពួកគេអាចទទួលបានប្រាក់ចំណូលរាប់ពាន់លានពីប្រព័ន្ធផ្សព្វផ្សាយ ព្រោះបើពុំដូច្នេះទេពួកគេនឹងចេញថ្លៃខូចខាតអោយទៅស្ថានីយ៍ទូរទស្សន៍ដែលបានទិញសិទ្ធផ្តាច់មុខទាំងអស់នោះវិញជាមិនខាន។
លោក Ancelotti ដែលមានអាយុ ៦០ ឆ្នាំបាននិយាយពន្យល់ទៀតថា ការពន្យាឬការកាត់ប្រាក់ឈ្នួលវាអាចក្លាយទៅជារឿងមិនមានប្រយោជន៍ឬជាការខ្ជះខ្ជាយមួយនៅរដូវនេះ ហើយយើងនឹងឃើញរបាយការណ៍ខូចខាតនៅរដូវក្តៅក្រោយ។
បុរសជនជាតិ អ៊ីតាលី រូបនេះបានសង្កត់ធ្ងន់បន្ថែមថា “ត្រៀមខ្លួនសម្រាប់ការធ្លាក់ចុះជាទូទៅទៅ! ខ្ញុំបានឮអំពីការកាត់ប្រាក់ខែការពន្យាប្រាក់ខែពួកគេ សម្រាប់ខ្ញុំវាហាក់ដូចជាហួសសម័យហើយនូវដំណោះស្រាយមិនច្បាស់លាស់នេះ។ មិនយូរប៉ុន្មានសេដ្ឋកិច្ចនឹងផ្លាស់ប្តូរហើយនៅគ្រប់កម្រិតសិទ្ធិទូរទស្សន៍នឹងមានតម្លៃតិចជាងនេះច្រើនដង”។
គួរអោយកត់សម្គាល់ដែរថាមិនមានតែលោក Carlo Ancelotti ទេដែលលើកឡើងពីឱនភាពវិស័យបាល់ទាត់នាពេលអនាគតដែលនឹងកើតឡើងដោយសារតែផលប៉ះពាល់ពីវិបត្តិជំងឺ Covid-19។ លោក Jose Mourinho ឯណោះវិញក៏បានសម្តែងនូវការព្រួយបារម្ភស្រដៀងគ្នានេះផងដែរ ជាពិសេសក្នុងករណីដែល Premier League ប្រកាសបើកការប្រកួតបន្តដើម្បីបញ្ចប់រដូវកាលនេះលើពេលវេលាត្រឹមតែ៤សប្តាហ៍តែម្តង។ ព្រោះក្លឹបទាំង ២០ នៅក្របខ័ណ្ឌនេះមិនប្រាកដថាមានកីឡាករគ្រប់ចំនួនដើម្បីលេងអោយបាន ៩ ប្រកួតក្នុងរយៈពេល១ខែបានឡើយ ជាក់ស្តែងដូចជាក្លឹប Tottenham Hot Spur ដែលលោកកំពុងតែដឹកនាំនេះស្រាប់។