ធារី ចន្ថាប៊ីន៖ ផ្ញើក្តីស្រឡាញ់ពីចំងាយដល់ប្រជាជនកម្ពុជាទាំងអស់ ខណៈដែលកូវីដ-១៩ កំពុងរីករាលដាល
ខ្សែបម្រើការពារ ធារី ចន្ថាប៊ីន ដែលកំពុងស្ថិតនៅប្រទេសម៉ាឡេសុី ដែលជាកីឡាករកម្ពុជាតែម្នាក់គត់ ប្រកបអាជីពនាក្រៅប្រទេសបានយូជាងគេ បានខិតខំប្រឹងប្រែងហ្វឹកហាត់ បើទោះបីជាលិគកំពូលម៉ាឡេសុីត្រូវបានពន្យាពេល ដោយសារតែកំពុងជួបបញ្ហាការរីលរាលដាលនៃជំងឺកូវីដ ១៩ និងបានផ្ញើក្តីស្រឡាញ់ពីចំងាយដល់ប្រជាជនកម្ពុជាទាំងអស់។
កូនខ្មែរបារាំងរូបនេះ បង្ហោះថា៖ ខ្ញុំសូមផ្ញើក្តីស្រឡាញ់ពីចំងាយដល់ប្រជាជនកម្ពុជាទាំងអស់ ខ្ញុំពិតជានឹកអ្នកគ្រប់គ្នា! ក្នុងស្ថានភាពពិបាកនេះ សូមការពារខ្លួនឱ្យបានល្អ ហើយសង្ឃឹមថាកូវីដ១៩ បញ្ចប់ក្នុងពេលឆាប់ៗនេះ ការពារនិងបង្ការដើម្បីខ្លួនយើង គ្រួសារ ប្រទេសជាតិ និងទង់ជាតិយើង ។ កាលពីឆ្នាំ២០១៨ កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានចាកចេញទៅក្រៅប្រទេសដោយទៅចូលរួមជាមួយក្លិប Terengganu នៃលីគកំពូលម៉ាឡេសុី ការចាប់ផ្តើមបានយ៉ាងល្អរហូតពេញមួយរដូវកាល ខណៈក្លិបថៃ Sukhothai នៃក្របខណ្ឌលំដាប់ទី១ ពេញចិត្តយ៉ាងខ្លាំងសំរាប់មកបំពេញកូតាកីឡាករអាស៊ាន ប៉ុន្តែចំពោះលក្ខខណ្ឌមួយចំនួនមិនត្រូវ ក៏ទៅម៉ាឡេសុីវិញ ដោយបានចូលរួមជាមួយ Perak ។
គួរបញ្ជាក់ផងដែរថា លីគកំពូលម៉ាឡេសុី ត្រូវបានពន្យាពេលដោយមិនទាន់បានកំណត់ការវិលត្រលប់មកវិញឡើយ ដោយសារតែបញ្ហា នៃជំងឺកូវីដ ១៩ ស្របពេលដែលទើបចាប់ផ្តើមរដូវកាល២០២០ បាន ៤ សប្តាហ៍ ខណៈដែលក្លិប Perak របស់កីឡាករកម្ពុជា កំពុងឈរចំណាត់ថ្នាក់លេខ២ ឆ្លងកាត់ ៤ ប្រកួត ឈ្នះ ២ នឹងស្មើ ២ ដង៕