Cristiano Ronaldo នឹងពាក់អាវលេខ៧ ក្រោយ Man United ព្រមព្រៀងជាមួយ Premier League និង Cavani រួចរាល់
កាលពីសប្តាហ៍មុនខ្សែប្រយុទ្ធ Cristiano Ronaldo បានសម្រេចការផ្លាស់ពី Juventus ហើយវិលត្រឡប់មកកាន់ Manchester United សារជាថ្មីម្តងទៀត ដោយទទួលបានថ្លៃនឿយហត់៣២លានដុល្លារសហរដ្ឋអាមេរិកក្នុង១រដូវកាលលើកុងត្រាដល់ឆ្នាំ២០២៤។
គិតមកទល់ពេលនេះ អតីតសមាជិក Sporting Lisbon, Real Madrid និង Juventus នៅមិនទាន់ធ្វើដំណើរមកដល់ទឹកដីអង់គ្លេសដើម្បីបង្ហាញខ្លួននៅឡើយទេ ដោយបច្ចុប្បន្ននេះរូបគេកំពុងតែស្ថិតនៅជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ដើម្បីហ្វឹកហាត់ត្រៀមប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ មិនទាន់ត្រូវបានប្រកាសថានឹងពាក់អាវលេខប៉ុន្មាននៅឡើយទេ ក្រោយត្រឡប់មកកាន់ទឹកដី Old Trafford សារជាថ្មីម្តងទៀត ខណៈរបាយការណ៍នៅអង់គ្លេសបានចុះផ្សាយមកថា ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យរូបនេះនឹងពាក់អាវលេខ៧ដែលជាលេខចាស់របស់ខ្លួន ក្រោយពេលដែល Manchester United បានព្រមព្រៀងលក្ខខ័ណ្ឌផ្សេងៗជាមួយក្របខ័ណ្ឌ Premier League រួចរាល់ក្រោយធ្វើការស្នើរសុំ ខណៈខ្សែប្រយុទ្ធ Edinson Cavani ក៏យល់ព្រមក្នុងការជ្រើសយកលេខអាវថ្មីថែមទៀតផង។
គួរឱ្យដឹងថា Cristiano Ronaldo នឹងមកបង្ហាញខ្លួនជាសមាជិក Manchester United ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយពីធ្វើការពិនិត្យសុខភាពប្រកបដោយភាពជោគជ័យនៅទឹកដីកំណើតរបស់ខ្លួន។