បេក្ខជន២រូបនេះមានភាគរយខ្ពស់ស្នងតំណែង Zidane នៅ Real
កិច្ចសន្យាក្នុងនាមជាអ្នកចាត់ការ Real Madrid របស់ Zinedine Zidane នៅសល់សុពលភាពត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះ ហើយកន្លងមកក៏មានលេចឮដំណឹងនៃការចាកចេញដែរ។
ក្នុងការប្រកួតក្របខណ្ឌកំពូលអេស្ប៉ាញ ក្រុមអធិរាជសកំពុងឈរលេខ៣ មាន៦០ពិន្ទុពីក្រោមក្រុមកំពូលតារាង Atletico Madrid ៦ពិន្ទុ។ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ពួកគេនឹងត្រូវជួបជាមួយ Liverpool ក្នុងវគ្គ៨ក្រុមចុងក្រោយ។
ប្រធានក្លិប Real Madrid លោក Florentino Perez នៅតែរំពឹងថា អាចបន្តកុងត្រាជាមួយ Zizou តែជាមួយគ្នានេះក៏មានបេក្ខជន២រូបក្នុងចិត្តដូចគ្នា ក្នុងករណីការតកិច្ចសន្យាមិនកើតឡើង។
ទីមួយ គឺអតីតខ្សែប្រយុទ្ធ Raul Gonzalez ដែលរកបាន៣២៣គ្រាប់ពីការចូលលេង៧៤១ប្រកួតចន្លោះឆ្នាំ១៩៩៤ដល់២០១០។ គេក៏កំពុងដឹកនាំក្រុម Real Madrid Castilla ដែរ។
ចំណែកបេក្ខជនម្នាក់ទៀត គឺលោក Joachim Low គ្រូបង្គោលក្រុមជម្រើសជាតិអាល្លឺម៉ង់នឹងទំនេរពេលលោកឈប់ពីតំណែងក្រោយចប់យុទ្ធនាការ EURO 2020 ក្នុងខែកក្កដា ខាងមុខ៕