
Real Madrid ត្រូវការឈ្នះ ៣ ប្រកួតទៀតដើម្បីដណ្តើមយកពាន La Liga មកវិញ
(BC-99)
Real Madrid ឈានចូលដល់ការប្រកួតសប្តាហ៍ទី ៣៥ ហើយនាយប់ថ្ងៃសុក្រខាងមុខនេះដោយរំពឹងថាពួកគេនឹងអាចយកឈ្នះក្រុមភ្ញៀវ Alaves ដែលបានរងបរាជ័យ ៥ ប្រកួតជាប់ៗគ្នាខណៈដែលក្រុមលេខ ២ Barcelona មើលទៅក៏នឹងខិតខំប្រជែងក្លិប Espanyol ដែរដើម្បីប្រដេញគូប្រកួត El Clasico អោយកាន់តែកៀក។
ក្រោយពីប្រកួតជាមួយ Alaves ដឹងលទ្ធផលថានឹងឈ្នះឬក៏ចាញ់រួច ក្រុមអធិរាជស Real Madrid ត្រូវប្រកួតបង្ហើយជាមួយក្រុម Villareal, Granada និង Leganes ។ ពួកគេនឹងក្លាយជាម្ចាស់ជើងឯកភ្លាមគិតត្រឹមសប្តាហ៍ទី៣៧ប្រសិនបើក្រុមមានមូលដ្ឋាននៅរាជធានី Madrid នេះឈ្នះ៣ប្រកួតជាប់ៗគ្នា។
ថ្វីត្បិតតែការប្រកួតដែលនៅសេសសល់របស់ Real Madrid ត្រូវបានគេមើលឃើញថាប៉ះសុទ្ធតែក្រុមដែលមានកម្រិតលេងទាបជាងក៏ពិតមែន តែលោក Zinedine Zidane អ្នកចាត់ការទូរទៅបានក្រើនរំឮកម្តងជាពីរដងថាកុំអោយមានការធ្វេសប្រហែសអោយសោះទោះជាប៉ះជាមួយក្រុមឋិតក្នុងកម្រិតមិនស្មើយ៉ាងណាក៏ដោយ។
ជាក់ស្តែងណាស់បើទោះជា Real Madrid បានបន្តការឈ្នះរបស់ខ្លួនជាបន្តបន្ទាប់ ក៏ប៉ុន្តែក្រុមមួយនេះទទួលជ័យជម្នះលើគូប្រជែងបានដោយតឹងតែង ដែលនេះគឺជាអ្វីដែលបានបង្ករជាក្តីបារម្ភដល់អ្នកចាត់ការទូរទៅក៏ដូចជាប្រិយ៍មិត្តដែរ។
គួរបញ្ជាក់ដែរថា Real Madrid ដែលឈ្នះពាន La Liga និង UEFA Champions League ច្រើនជាងគេបំផុតកំពុងឋិតនៅលើកំពូលតារាងជាបណ្តោះអាសន្នគិតត្រឹមសប្តាហ៍ទី៣៤ដោយមាន៧៧ពិន្ទុលើស៤ពិន្ទុពីក្រុមប្រជែង FC Barcelona។