សម្ដេចតេជោ ហ៊ុន សែន នឹងប្រើទម្រង់ ៣-៤-៣ ក្នុងការប្រកួតសប្បុរសធម៌ជួយគន្ធបុប្ផា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាគ្រូបង្វឹកកិត្តិយសក្រុម Cambodia Football Super Stars បានប្រកាសថា នឹងប្រើទម្រង់៣-៤-៣ ក្នុងការប្រកួតកីឡាបាល់ទាត់ក្រោមមូលបទ(រួមគ្នាដើម្បីសប្បុរសធម៌និងប្រយុទ្ធប្រឆាំងគ្រឿងញៀន)និង
ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ នាពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្ដេចប្រធានព្រឹទ្ធសភាមានប្រសាសន៍បែបនេះលើទំព័រ Facebook ផ្លូវការ របស់ម្ដេចក្រោយព្រឹកបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់ Cambodia Football Super Stars។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់មហាជនចូលរួមទស្សនាការប្រកួតនេះដើម្បីជំរុញចលនាមនុស្សធម៌ និង ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួម ថវិកា ចំនួន ២០០លាន រៀល។ សម្ដេចតេជោក៏បានអំពាវនាវដល់មហាជនជួយថវិកាដល់មន្ទីរពេទ្យ
គន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា។
សម្ដេចបន្ថែមដែរថា សប្បុរសជនដែលចូល រួមតាមរយៈសម្តេចក្នុងព្រឹត្តិការណ៍នេះ អាចទងទៅឯកឧត្តម សៀង ទៀង ដែលមាន លេខទូរស័ព្វ ០១២ ៩៦១ ៩៧១។
សម្រាប់ការប្រកួតនេះមានទាំងអស់ចំនួន០២គូចាប់ពីម៉ោង២រសៀលតទៅ ដែលក្នុងនោះក្រុម Vloggers All Star ត្រូវប៉ះក្រុមបាល់ទះ S&E All Star និងក្រុម Cambodia Football Super Stars (CFSS) ត្រូវជួបក្រុម Kun Khmer All Stars៕