Quique Setien៖ ម្សិលមិញខ្ញុំបណ្តើរគោនៅក្នុងភូមិ ប៉ុន្តែថ្ងៃនេះខ្ញុំបង្វឹកកីឡាករល្អបំផុតលើលោក
“ម្សិលមិញខ្ញុំកំពុងបណ្តើរគោនៅក្នុងភូមិរបស់ខ្ញុំ ប៉ុន្តែថ្ងៃនេះខ្ញុំបានបង្វឹកកីឡាករល្អបំផុតលើលោក” នេះគឺជាអ្វីដែលលោក Quique Setien និយាយនៅក្នុងសន្និសិទសារព័ត៌មានក្នុងការបង្ហាញខ្លួនជាគ្រូបង្វឹកថ្មីរបស់ FC Barcelona ជាផ្លូវការកាលពីម្សិលមិញ។
បន្ថែមពីសម្តីដ៏រំភើបរបស់ខ្លួន អតីតកីឡាករ Racing Santander, Levante និង Atletico Madrid បានបន្តទៀតថា លោកពិតជារីករាយបំផុតក្នុងការបន្តដំណើរជាមួយគម្រោងដ៏អស្ចារ្យរបស់ក្លឹប រួមជាមួយនឹងការប្រកួតប្រជែងដ៏តានតឹងមួយនៅក្នុងអាជីពរបស់ខ្លួន។ លោកនឹងព្យាយាមដឹកនាំក្រុមឈ្នះពានរង្វាន់ផ្សេងៗនិងគ្រប់ការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះ។
គួររំលឹកថា FC Barcelona បានសម្រេចបញ្ចប់តំណែងលោក Ernesto Valverde ដែលជួយក្លឹបលើកពាន៤រួមមាន LaLiga ២ដង, Copa Del rey ១ដង និង Spanish Super Cup ១ដង ហើយតែងតាំងលោក Quique Setien ដឹកនាំជំនួសលើកិច្ចសន្យាពីរឆ្នាំកន្លះ។
ដោយឡែកសម្រាប់ប្រវត្តិរូបរបស់បុរសវ័យ៦១ឆ្នាំខាងលើវិញគឺ ចាប់ផ្ដើមអាជីពជាគ្រូដំបូងក្នុងឆ្នាំ២០០០ ជាមួយក្លឹប Racing Santander មុនពេលផ្លាស់ទៅកាន់ក្លឹបតូចៗជាច្រើនទៀតនៅក្នុងស្រុកដូចជា Poli Ejido, CD Logrones, CD Lugo, Las Palmas និង Real Betis។ សមិទ្ធផលនៅក្នុងក្របខ័ណ្ឌ La Liga របស់លោក Setien គឺដឹកនាំ Real Betis បាន២ដូវកាល ដោយក្នុងនោះនាំ Real Betis ឱ្យមានកៅអីលេង Europa League នៅឆ្នាំ២០១៧ ដោយបញ្ចប់ចំណាត់ថ្នាក់ទី៦ ក្នុងតារាង La Liga ហើយឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Copa del Rey ផងដែរ។