Real Madrid ព្រមឲ្យ Getafe ខ្ចី Kubo បន្តពី Villareal
សេចក្ដីរាយការណ៍ពី Marca ឲ្យដឹងថា Real Mdrid បានព្រមព្រៀងឲ្យខ្សែបម្រើវ័យក្មេងជប៉ុន Takefusa Kubo ទៅ Getafe ខ្ចីបន្តពី Villareal អំឡុងទីផ្សារដោះដូរខែមករា ឆ្នាំ២០២១។
កីឡាករវ័យ១៩ឆ្នាំមិនសូវបានលេងឡើយនៅ Villareal ដោយជាប់១១នាក់ដំបូងបានត្រឹម៧ប្រកួត និងរកបានមួយគ្រាប់ក្នុងការប្រកួតកន្លងទៅ។
Real Madrid មិនបានឃាត់ឃាំងឡើយលើការផ្លាស់បន្តទៅ Gatafe។ កន្លងមកមានព័ត៌មានថា Villareal ហាក់អល់អែកចំពោះការឲ្យក្លិបផ្សេងខ្ចីបន្ត ព្រោះបានបង់ថ្លៃ២លាន៥សែនអឺរ៉ូទៅ Real Madrid ចំពោះថ្លៃខ្ចី។ ក្រុមលោក Unai Emery ចង់បានលុយពាក់កណ្ដាលមកវិញ បើ Kubo ចេញក្នុងខែមករា នេះ។
ប្រធានក្លិប Getafe លោក Angel Torres បានយល់ព្រមបង់ប្រាក់បន្ថែមដល់ Villareal ដោយផ្អែកលើចំនួនលេងរបស់ Kubo។
គេរំពឹងថា នៅថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១ នេះនឹងមានប្រកាសជាផ្លូវការលើការផ្ទេរ។
គួររំឭកថា Real Madrid បានទិញ Kubo ដែលជាអតីតសមាជិកថ្នាល FC Barcelona ពី FC Tokyo កាលឆ្នាំ២០១៩ តែបានអនុញ្ញាតឲ្យ Real Mallorca ខ្ចីមួយរដូវកាល៕