Lampard “៖ខ្ញុំមិនបារម្ភទេបើ Chelsea ចង់ដេញខ្ញុំ”
អនាគតអ្នកចាត់ការ Frank Lampard នៅ Chelsea កំពុងស្ថិតក្នុងមន្ទិល ប៉ុន្តែអតីតខ្សែបម្រើតោខៀវរូបនេះនៅតែមានទំនុកចិត្តថា គេអាចបន្តការដឹកនាំនៅកីឡដ្ឋាន Stamford Bridge។
អតីតអ្នកចាត់ការ Derby County ថ្លែងបែបនេះ “៖ ខ្ញុំមិនអាចនិយាយជំនួសថ្នាក់ដឹកនាំបានទេ។ ខ្ញុំមិនអាចឆ្លើយរឿងកុងត្រាបានទេ។ ខ្ញុំអាចនិយាយត្រឹមនាមជាអ្នកចាត់ការ។” នេះជាការលើកឡើងក្រោយចាញ់ Manchester City ១ទល់នឹង៣ក្នុងដីខ្លួននៃការប្រកួតបាល់ទាត់ Premier League ថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១។
លោកបន្ថែមបែបនេះ “៖ខ្ញុំមិនបារម្ភទេ បើក្លិបចង់ដេញខ្ញុំ។ ខ្ញុំគ្រាន់តែនិយាយទៅកាន់ក្រុម ក្រោយការប្រកួតថា ពេលវេលាដ៏លំបាកកំពុងតែចូលមកដល់។ មួយខែមុនគេនិយាយពីរឿងថា ខ្ញុំនឹងទទួលបានកុងត្រាថ្មី។ កម្លាំងចិត្តក៏ចេះតែកើនឡើង។ អ្វីដែលខ្ញុំ និងកីឡាករអាចធ្វើបាននោះ គឺមានតែបន្តប្រឹងទៅមុខទៀត។”
Manchester City បាននាំមុខមុននៅនាទី ១៨ ដោយ Ilkay Gundogan, នាទី២១ ដោយ Phil Foden និងនាទី៣៤ ពី Kevin de Bruyne។ ចំណែកមួយគ្រាប់របស់ Chelsea រកបានដោយ Calum Hudson-Odoi នៅនាទី៩០+២។
បរាជ័យនៅ Stamford Bridge ធ្វើឲ្យ Chelsea រអិលទៅកាន់លេខ៨ មាន២៦ពិន្ទុដដែលពីការប្រកួត១៧លើក។ ផ្ទុយពីតោខៀវ គឺ ំManchester City បានឡើងទៅកាន់លដាប់ទី៥ មាន២៩ពិន្ទុ ស្មើក្រុមលេខ៤ Tottenham Hotspur៕