តោះមកដឹងពីប្រវត្តិមុនចាប់អាជីពបាល់ទាត់របស់ ចាន់ វឌ្ឍនាកា
បើនិយាយអំពីខ្សែប្រយុទ្ធស្លាប ចាន់ វឌ្ឍកានា អ្នកគាំទ្រវិស័យបាល់ទាត់នាប្រទេសកម្ពុជាទាំងអស់ច្បាស់ជាដឹងរួចមកហើយអំពីភាពល្បីល្បាញទាំងក្នុងស្រុកក៏ដូចជាក្រៅប្រទេស ខណៈថ្ងៃនេះក្រុមការងារ MSR សូមលើកឡើងពីប្រវត្តិមុនចាប់ផ្តើមលេងអាជីពមកជំរាបជូន ដើម្បីឱ្យបានដឹង។
កីឡាករដែលអ្នកគាំទ្របានហៅថា CV11 ដែលកំពុងប្រកបអាជីពបាល់ទាត់នាក្លិប បឹងកេត ធ្លាប់បានលើកឡើងអំពីប្រវត្តមុនចូលលេងបាល់ថា៖ “ដំបូងឡើងខ្ញុំគ្រាន់តែលេងបាល់ធម្មតាជាមួយមិត្តភក្តិ ដើម្បីសុខភាព នឹងសប្បាយៗប៉ុណ្ណោះ។ បន្ទាប់មកគ្រូខេត្តកំពតចាប់អារម្មណ៍ក៏បានហៅមកធ្វើការហ្វឹកហាត់ យូៗទៅគិតថាខ្លួនឯងមានសមត្ថភាពអាចលេងជាមួយគេបាន ក៏ចូលរួមជាមួយយុវជនខេត្តកំពត”។ ដោយសមត្ថភាពរីកចំរើន វឌ្ឍនាកា ត្រូវបានកោះហៅឱ្យចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាយុក្រោម ១៤ឆ្នាំ(កីឡាករមកពីគ្រប់ខេត្ត)។ ក្រោយពីបានបង្ហាញសមត្ថភាពជាមួយ U-14 រួចមកចាប់ផ្តើមមកចូលរួមជាមួយក្រុមយុវជន ព្រះខ័នរាជ (ព្រះខ័នរាជស្វាយរៀង) នាឆ្នាំ២០១០ បានមួយឆ្នាំប្រមូតឡើងមកឈុតធំ បង្ហាញខ្លួន ១៧ លើក រកបាន ១០គ្រាប់។ នាឆ្នាំ២០១២ បានផ្លាស់មកកាន់ក្លិប បឹងកេត រហូតដល់ឆ្នាំ២០១៧ ភាពល្បីល្បាញខ្លាំងធ្វើឱ្យក្លិបជប៉ុន Fujieda MYFC ខ្ចីជើងទៅប៉ុន្តែមិនបានបង្ហាញខ្លួនសោះ។ មុនមកចូលរួមជាមួយ បឹងកេត វិញកីឡាករវ័យ ២៦ឆ្នាំរូបនេះ បានទៅប្រឡូកនាប្រទេសម៉ាឡេសុី ដែលមានក្លិប Pahang FA នឹង PKNS ផងដែរ។
គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធជំនាញជើងឆ្វេងនេះ បានជាប់ជម្រើសជាតិតាំងពីឈុតយុវជន មកដល់ឈុតធំនាឆ្នាំ២០១៣ នឹងបានបង្ហាញខ្លួន ៤៥ លើក រកបានគ្រាប់បាល់ជំនួន ១៦ គ្រាប់ ខណៈដែលធ្លាប់ឈ្នះស្បែកជើងមាសពានលីគកំពូល ២ លើក នឹងស្បែកជើងមាសពានរង្វាន់សម្តេច ហ៊ុន សែន ១ លើកផងដែរ នាឆ្នាំ២០១៣៕