កីឡាករគុនខ្មែរត្អូញត្អែរពីជីវភាពជួបការលំបាក បន្ទាប់ពីកម្មវិធីប្រដាល់បន្តសម្រាក
បញ្ហាជំងឺកូវីដ១៩ដែលកំពុងរីករាលដាលទូទាំងពិភពលោកបានធ្វើអោយកម្មវិធីប្រដាល់គ្រប់ស្ថានីយ៍ទូរទស្សន៍បន្តសម្រាកចំនួន២សប្តាហ៍មកហើយ ខណៈការកំណត់ថ្ងៃវិលត្រលប់មកវិញក៏មិនទាន់បានដឹង ។ តារាងកម្មវិធីរបស់សង្វៀន ផ្សេងៗបានចេញផ្សាយថានឹងមានការប្រកួតនៅក្នុងសប្តាហ៍នេះវិញ ប៉ុន្តែកាលពីម្សិលមិ្សញបានប្រកាសបន្តផ្អាកគ្រប់សង្វៀនទូទាំងប្រទេស ។
កីឡាករគុនខ្មែរមួយចំនួនដែលពឹងផ្អែកលើការឡើងសង្វៀនដើម្បីជីវភាពរបស់ពួកគេបានបង្ហាញអារម្មណ៍សោកស្តាយនិងត្អូញត្អែរអំពីផលលំបាកសម្រាប់ការចំណាយរបស់គេ ពីព្រោះពួកគេរកចំណូលតាមរយៈគុនខ្មែរនៅពេលកម្មវិធីប្រកួតមិនមានធ្វើអោយការផ្គត់ផ្គង់ក្នុងគ្រួសារជួបការពិបាក ជាពិសេសកីឡាករខ្លះបានចំណាយពេលហ្វឹកហាត់និងធ្វើដំណើរមកពីតាមបណ្តាខេត្តដើម្បីត្រៀមប្រកួត ប៉ុន្តែត្រូវខកខានហើយកាន់តែលំបាកមួយកម្រិតទៀត ។
កីឡាករ គង់ ហូវ នៃក្លិបគុហារព្រហ្មជ័យ នៅខេត្តសៀមរាបដែលត្រូវប្រកួតក្នុងសប្តាហ៍នេះនៅ PNN ប៉ុន្តែត្រូវលុបចោលវិញបានលើកឡើងពីផលលំបាករបស់ខ្លួនថា គ្រួសារខ្ញុំកំពុងតែជួបទុកលំបាកសង្ឃឹមថាបានវៃថ្ងៃអាទិត្យនេះបានលុយមកផ្គត់ផ្គង់គ្រួសារហើយសងលុយគេផងហើយអីលូវខាងស្ថានីយ៏ទូរទស្សន៏គេបានរំសាយចោលទៀតចប់ហើយខ្ញុំអីលូវនេះអោយខ្ញុំរំពឹងអីទៅតើខ្ញុំបានលុយពីណាទៅសងគេ !
មានកីឡាករជាច្រើនទៀតដែលពួកគេត្រូវជួបបញ្ហាទាំងនេះក្នុងការដែលមិនប្រកួត ប៉ុន្តែអ្វីៗដោយសារបញ្ហាជំងឺកូវីដ១៩ ទើបខាងអគ្គនាយកកីឡា និងសហព័ន្ធប្រដាល់គុនខ្មែរ សម្រេចមិនទាន់អោយមានកម្មវិធីប្រកួតដោយត្រូវរង់ចាំ បញ្ហាជំងឺនេះធូរស្រាលបានច្រើនជាមុនសិន ។សូមបញ្ជាក់ថា គ្រប់សង្វៀនគុនខ្មែរទាំងអស់ត្រូវសហព័ន្ធប្រដាល់គុនខ្មែរប្រកាសផ្អាកចាប់តាំងពីថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០២០ មក ខណៈការប្រកួតនៅថ្ងៃណាវិញមិនទាន់បានកំណត់នៅឡើយ ៕