Jose Mourinho និយាយថា Spurs ចាញ់ Liverpool យប់មិញដោយសារកំហុសខ្សែការពារទាំងស្រុង
Tottenham Hotspurs បានបរាជ័យក្នុងដីខ្លួនឯងក្រោមថ្វីជើង Liverpool ដោយលទ្ធផល៣ទល់នឹង១ កាលពីយប់មិញនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី២០។
៣គ្រាប់របស់ក្រុមរហស្សនាមហង្សក្រហមរកបានដោយខ្សែប្រយុទ្ធ Roberto Firmino, Sadio Mane និងខ្សែការពារ Trent Alexander Arnold ខណៈ១គ្រាប់របស់ម្ចាស់ផ្ទះរកបានដោយខ្សែបម្រើ Pierre-Emile Højbjerg។
ថ្លែងក្រោយបញ្ចប់ការប្រកួត គ្រូបង្វឹក Jose Mourinho បាននិយាយចំៗថា៖ “ជាការពិតនៅក្នុងការប្រកួតនេះយើងធ្វើបានល្អណាស់ យើងអាចគ្រប់គ្រងការប្រកួតនៅលើទីលានបាន ហើយអ្នកទាំងអស់គ្នាមានជំនឿចិត្តយ៉ាងខ្លាំង។ អ្វីដែលធ្វើឱ្យយើងទទួលបានបរាជ័យគឺជាកំហុសរបស់ខ្សែការពារ ដោយសារតែកំហុសផ្ទាល់ខ្លួនរបស់ពួកបានធ្វើឱ្យបាត់បង់ពិន្ទុនៅក្នុងការប្រកួតដែលយើងរំពឹងថាយើងនឹងធ្វើបានល្អ។”
គួរឱ្យដឹងថា គិតមកទល់ពេលនេះ Liverpool ឈរនៅចំណាត់ថ្នាក់លេខ៤នៅតារាងក្របខ័ណ្ឌ Premier League ដោយមាន៣៧ពិន្ទុនៅក្នុងដៃ ខណៈ Spurs វិញធ្លាក់មកដល់លេខ៦ដោយមាន៣៣ពិន្ទុប៉ុន្តែមាន១ប្រកួតនៅក្នុងដៃ។