ព័រទុយហ្គាល់ទំនងបានសិទ្ធិធ្វើម្ចាស់ផ្ទះផ្ដាច់ព្រ័ត្រ UCL ជំនួសតួកគី
ព័រទុយហ្គាល់ គឺជាបេក្ខជនដ៏លេចធ្លោដែលអាចទទួលបានសិទ្ធិធ្វើជាម្ចាស់់ផ្ទះវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ក្រោយសហព័ន្ធបាល់ទាត់អឺរ៉ុបមិនទាន់សម្រេចចិត្តផ្ដល់សិទ្ធិដល់កីឡដ្ឋាន Wembley របស់អង់គ្លេស។
UEFA, មន្ត្រីរដ្ឋាភិបាលអង់គ្លេស និងសហព័ន្ធបាល់ទាត់អង់គ្លេសបានជួបពិភាក្សាគ្នាកាលថ្ងៃចន្ទ ទី១០ ខែឧសភា ដើម្បីពិភាក្សាស្ដីពីការផ្លាស់ប្ដូរជំនួបផ្ដាច់ព្រ័ត្ររវាង Chelsea និង Manchester City ពីកីឡដ្ឋានអ៊ីស្តង់ប៊ុល។ ការពិចារណាផ្លាស់ប្ដូរនេះដោយសារតែតួកគីដាក់បម្រាមលើការធ្វើដំណើររបស់ទស្សនិកជនពីអង់គ្លេស។
Wembley មានលទ្ធភាពទទួលការប្រកួត តែ UEFA និងរដ្ឋាភិបាលអង់គ្លេសមិនបានឈានដល់សេចក្ដីសម្រេចរួម។
UEFA គិតថា ព័រទុយហ្គាល់មានភាពងាយស្រួលក្នុងការទទួលម្ចាស់ឧបត្ថម្ភ និងផ្សព្វផ្សាយ។ កីឡដ្ឋានរបស់ Porto មានសក្ដានុពលក្នុងការរៀបចំ តែជាមួយគ្នានេះ កីឡដ្ឋានរបស់ Sporting Lisbon ដែលទទួលការប្រកួតផ្ដាច់ព្រ័ត្រឆ្នាំំមុន ក៏នៅមានលទ្ធភាពរៀបចំជាថ្មីទៀត។
សម្រាប់ព័រទុយហ្គាល់ គឺស្ថិតក្នុងបញ្ជីបៃតង មានន័យថា ទស្សនិកជនអង់គ្លេសអាចទៅទស្សនាបាន ដោយត្រូវគោរពតាមវិធានការកូវីដ១៩ ហើយមិនចាំបាច់ធ្វើចត្តាឡីស័កទេ ពេលត្រលប់ទៅផ្ទះវិញ៕