កីឡាករខ្សែប្រយុទ្ធរបស់ Sheffield United វាយប្រហារបុរសម្នាក់ដោយគ្រាន់តែសង្ស័យថាគេលួចថតខ្លួន
(BC-99)
Sheffield United បានបញ្ជាក់ថាពួកគេកំពុងស៊ើបអង្កេតខ្សែវីដេអូមួយដែលបង្ហាញថាខ្សែប្រយុទ្ធរបស់ក្លិបនិងក្រុមជម្រើសជាតិ ស្កុតលែន Oli McBurnie បានវាយប្រហារបុរសម្នាក់នៅតាមដងផ្លូវ។
វីដេអូឃ្លីបមួយបានលេចចេញតាមអ៊ិនធឺរណែតដែលត្រូវបានគេអះអាងថាបង្ហាញពី McBurnie ដែលបានទាត់និងដាល់បុរសម្នាក់និងបោកទូរស័ព្ទរបស់បុរសម្នាក់នោះនៅលើដី។
មូលហេតុដែលបណ្តាលឱ្យមានការវាយប្រហារនេះកើតឡើងត្រូវបានគេសន្និដ្ឋានថាបុរសដែលជាជនរងគ្រោះបានជ្រុះទូរស័ព្ទរបស់ខ្លួនដែលទំនងជាបានលួចថតខ្សែប្រយុទ្ធរបស់ក្លិបដែលបានធ្លាក់ចេញពី Premier League មួយនេះ។ ដោយមានការខឹងសម្បារ McBurnie ក៏បានវាយនិងទាត់ធាក់បុរសដែលជាជនរងគ្រោះតែម្តង។ ក្នុងគ្លីបវីឌីអូនេះគេក៏ឮកីឡាកររូបនេះបានស្រែកដែរថា “ឆាប់យកទូរស័ព្ទឯងចេញឱ្យលឿន”!។
ក្រុមដែលមានរហស្សនាមថាដាវមួយគូក៏បានសរសេរនៅលើគេហទំព័ររបស់ខ្លួនដែរថាមន្ត្រីរបស់ក្លិប Sheffield United ដឹងអំពីខ្សែវីដេអូដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមហើយបច្ចុប្បន្នយើងកំពុងធ្វើការស៊ើបអង្កេត។