ចំណុចពិសេសៗគួរដឹងក្រោយ Chelsea លើកពាន UCL
មួយគ្រាប់ពី Kai Havertz នាទី៤២បានផ្ដល់តំណែងជើងឯក UEFA Champions League ដល់ Chelsea តាមរយៈជ័យជម្នះ១ទល់នឹង០លើ Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាកីឡដ្ឋាន the Dragon ប្រទេសព័រទុយហ្គាល់។
ខាងក្រោមជាចំណុចពិសេសៗមួយចំនួនដែលអ្នកទស្សនាគួរដឹងក្រោយចប់ការប្រកួតដ៏ធំនេះ ៖
១. Chelsea បានឈ្នះពានរង្វាន់ដ៏ធំប្រចាំទ្វីបអឺរ៉ុបចំនួន៦ដងក្នុងវគ្គផ្ដាច់ព្រ័ត្រ៧លើក និងជាលើកទី៤សម្រាប់ម្ចាស់ក្លិប Roman Abramovich (Champions League 2020-21 និង 2011-12, Europa League 2012-13 និង 2018-19)។
២. លោក Pep Guardiola ចាញ់ការប្រកួតតទល់ Chelsea គ្រប់កម្មវិធីច្រើនជាងក្រុមផ្សេងៗ ហើយចាញ់៣ប្រកួតចុងក្រោយតែម្ដង។ ក្រុមដែលលោក Pep ធ្លាប់ចាញ់៣លើកជាប់គ្នាបែបនេះ គឺមានតែ Real Madrid ពីចន្លោះ២០១២ដល់២០១៤ និង Liverpool ក្នុងឆ្នាំ២០១៨។
៣. លោក Tuchel ជាអ្នកចាត់ការអាល្លឺម៉ង់ដែលឈ្នះជើងឯក UEFA Champions League ៣ឆ្នាំចុងក្រោយនេះ បន្ទាប់ពីលោក Pep Guardiola ២០១៩ និងលោក Hansi Flick ២០២០។ នេះក៏ជាលើកដំបូងដែល UEFA Champion League ត្រូវបានឈ្នះដោយអ្នកចាត់ការ៣រូបផ្សេងគ្នា និងជាជនជាតិតែមួយ៣ដងជាប់ៗគ្នា។ ពីមុនធ្លាប់មានម្ដងដែរដែលជាជនជាតិអង់គ្លេស គឺរដូវកាល ១៩៧៩/១៩៨០ ដល់១៩៨១/១៩៨២ មានលោក Brian Clough, Bob Paisley និង Tony Barton។
៤. Man City ជាក្រុមអង់គ្លេសទី៩ដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League យ៉ាងហោចណាស់ច្រើនជាងក្រុមអាល្លឺម៉ង់ និងអ៊ីតាលី (២ប្រទេសនេះមាន៦ក្រុមដូចគ្នា)។
៥. លោក Pep Guardiola បានចាញ់ការប្រកួតផ្ដាច់ព្រ័ត្រលើកដំបូងក្នុងនាមជាអ្នកចាត់ការ Man City និងជាលើកទី២ បន្ទាប់ពីចាញ់ផ្ដាច់ព្រ័ត្រ Copa del Rey កាលឆ្នាំ២០១០/២០១១ នៅ Barcelona។
៦. ក្រោយគ្រាប់បាល់ Havertz កើតឡើងក្នុងនាទី៤២ នេះគឺជាការទាត់ចំគោលដៅតែមួយលើកគត់ក្នុងការប្រកួតទាំងមូល។
៧. Havert បានទាត់បញ្ចូលទីគ្រាប់ដំបូងនៅ Champions League និងជាកីឡាករទី១ដែលគ្រាប់ដំបូងកើតឡើងក្នុងវគ្គផ្ដាច់ព្រ័ត្រតែម្ដង ចាប់តាំងពី Ilkay Gundogan ធ្លាប់ធ្វើបានកាលឆ្នាំ២០១៣។ Havertz ក៏ជាកីឡាករអាល្លឺម៉ង់ក្មេងបំផុតទាត់ចូលនៅផ្ដាច់ព្រ័ត្រ Champions League ចាប់តាំងពីលោក Lars Ricken ក្នុងឆ្នាំ១៩៧៧ ទាត់ឲ្យ Dortmund ចូល Juventus ដែលកាលណោះមានវ័យ២០ឆ្នាំ ៣២២ថ្ងៃ។
៨. អ្នកចាំទី Edouard Mendy រក្សា clean sheets ៩ដងក្នុងចំណោម១២ប្រកួតនៅ Champions League រដូវកាលនេះ ដោយពុំមាននរណាធ្លាប់ធ្វើបានច្រើនជាងនេះទេ ហើយក៏ស្មើអតីតអ្នកចាំទី Santiago Cainzares កាលនៅ Valencia ២០០០/២០០១ និង Keylor Navas នៅ Real Madrid ២០១៥/២០១៦។
៩. Mason Mount ជាកីឡាករអង់គ្លេសម្នាក់ទៀតដែល assist ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ចាប់តាំងពី Wes Brown ធ្វើបានកាលឆ្នាំ២០០៨ដែល Man UTD ឈ្នះ Chelsea៕