ព្រះខ័នរាជស្វាយរៀងនឹងលើកពានលីគនៅ RSN
ពិធីលើកពានជើងឯកក្របខណ្ឌកំពូលកម្ពុជា Cambodian Premier League 2023/2024 នឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Smart RSN នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ នេះ បន្ទាប់ពីចប់ការប្រកួតរវាងក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀងតទល់ម្ចាស់ផ្ទះភ្នំពេញក្រោន។
ដូច្នេះនេះជាលើកទី៣ហើយដែលកីឡដ្ឋាន Smart RSN ត្រូវបានជ្រើសរើសជាទីតាំងប្រារព្ធពិធីលើកពានលីគកំពូល បន្ទាប់ពីឆ្នាំ២០២១ និង២០២២ ដែល២លើកនោះសុទ្ធតែទទួលបានដោយក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន។ សម្រាប់រដូវកាល២០២៣/២០២៤ ដោយសារតែកាលវិភាគសប្ដាហ៍ចុងក្រោយដែលជាការប៉ះគ្នារវាងព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ធ្វើឡើងនៅទីតាំងដដែលនេះ ដូច្នេះគណៈកម្មការរៀបចំសម្រេចជ្រើសរើស Smart RSN តែម្ដង។
គួរដឹងដែរថា ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជាប្រចាំរដូវកាលនេះ បន្ទាប់ពីឈ្នះបឹងកេត កាលថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ធ្វើឱ្យពួកគេមានពិន្ទុគ្រប់គ្រាន់ដើម្បីក្រសោបពានរង្វាន់ ទោះការប្រកួតនៅសល់២លើកទៀតក៏ដោយ៕