
Troy Deeney បញ្ចើចបញ្ចាលឱ្យ Ronaldo
(BC-99)
ដោយសារតែអ្នកចាំទី Lee Grant និងមិត្តរួមក្រុម Manchester United ទាំងអស់បានធ្វើតាម Ronaldo ដែលបដិសេធមិនញ៉ាំចំណីផ្អែមមុនថ្ងៃប្រកួតវាបានធ្វើឱ្យកីឡាករ Troy Deeney របស់ក្រុម Watford បានចេញមកនិយាយដៀមដាមពីបញ្ហានេះ។
Ronaldo ត្រូវបានមិត្តរួមក្រុមចាត់ទុកជាបុគ្គលគម្រូផ្នែកកាយសម្បទារដែលឋិតក្នុងវ័យ៣៦ឆ្នាំនៅតែមានកម្លាំងឋាមពលដូចកីឡាករវ័យក្មេងតាមរយៈការបរិភោគអាហារដែលផ្តល់ប្រយោជន៍ដល់សុខភាព។ រីឯ Troy Deeney ជារឿយៗតែងតែនិយាយវាយប្រហារចំពោះក្លិប Manchester United ដោយមិនសំចៃមាត់។ ប្រហែលជាមិនពេញចិត្តចំពោះ Ronaldo ទើប Deeney បាននិយាយថា៖ “ប្រសិនបើ Ronaldo ទទួលទានលាមកសេះជាអាហារសុខភាពមុនការប្រកួតខ្ញុំក៏ទទួលទានលាមកសេះដែរ។ ពួកគេធ្វើតាមគាត់ក៏ព្រោះពួកគេចង់ល្បីដូចគាត់នៅពេលដែលបានឃើញគាត់ហែកអាវបញ្ចេញសាច់ដុំពោះ៦កង់បន្ទាប់ពីស៊ុតបញ្ចូលទីឱ្យ ព័រទុយហ្កាល់ ទល់នឹង សាធារណរដ្ឋអៀរឡង់ ហើយនិងការបានបំបែកឯតទគ្គកម្មអន្តរជាតិគ្រប់ពេលវេលាថាជារឿងអស្ចារ្យ”។
Troy Deeney បាននិយាយបន្ថែមទៀតថាគេមិនច្រណែនអ្នកណាម្នាក់ទេ តែប្រសិនបើ Ronaldo ក្រោកហ្វឹកហាត់ពីម៉ោង ៨ ព្រឹករហូតដល់ ៧ យប់គេក៏នឹងធ្វើបានដូចគ្នា ជាពិសេសគេក៏មិនដែលច្រណែននិងជ័យជម្នះរបស់ក្រុម Man Utd ក៏ទេដែរតែគេស្ទើរតែទះកំផ្លៀងខ្លួនឯងនៅពេលដែលក្លិបនេះឈ្នះ Newcastle ៤-១ នៅពេលកន្លងមក។