បេក្ខភាពដណ្តើមពានរង្វាន់កីឡាករល្អ FIFA’s The Best award 2018 ចេញមកហើយ
បញ្ជីឈ្មោះបេក្ខភាព១០រូបដែលត្រូវប្រជែងពានកីឡាករល្អផ្ដាច់គេលើលោកផ្នែកបុរសរបស់ FIFA (FIFA’s The Best award) បានប្រកាសហើយកាលពីថ្ងៃម្សិលមិញ។
កីឡាករទាំង១០នាក់មកពីក្របខ័ណ្ឌកំពូល៤គឺ អង់គ្លេស អេស្ប៉ាញ អ៉ីតាលី និងបារាំង មានដូចជា៖ Cristiano Ronaldo, Kevin de Bruyne, Antoine Griezmann, Eden Hazard, Harry Kane, Kylian Mbappe, Lionel Messi, Luka Modric, Mohamed Salah និង Raphael Varane។
គួររំលឹកផងដែរថា ខ្សែប្រយុទ្ធ Crisitano Ronaldo គឺជាអ្នកឈ្នះពានរង្វាន់ FIFA’s The Best award ចំនួន២លើកតែម្នាក់ឯងនៅឆ្នាំ២០១៦ និង២០១៧។
ការបោះឆ្នោតជ្រើសរើសតាមរយៈគេហទំព័រ FIFA.com នឹងបញ្ចប់ទៅនៅថ្ងៃទី១០ ខែសីហា ស្របពេលដែលកម្មវិធីប្រគល់ពានរង្វាន់នឹងធ្វើឡើងនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នាថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ។
ដោយឡែក សហព័ន្ធបាល់ទាត់ពិភពលោក FIFA ក៏បានបង្ហាញបញ្ជីឈ្មោះអ្នកចាត់ការ និងគ្រូបង្វឹកទាំង១១រូប ដែលអាចឈ្នះបេក្ខភាពគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំ ២០១៨ផងដែរ។
អ្នកចាត់ការ និងគ្រូបង្វឹកទាំង១១រូបនោះមានដូចជា៖ លោក Massimiliano Allegri (អ្នកចាត់ការក្លឹប Juventus), លោក Stanislav Cherchesov (គ្រូបង្វឹកក្រុមជម្រើសជាតិរុស្ស៊ី), លោក Zlatko Dalic (គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាត), លោក Didier Deschamps (គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង), លោក Pep Guardiola (អ្នកចាត់ការក្លឹប Manchester City), លោក Roberto Martinez (គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិក), លោក Jurgen Klopp (អ្នកចាត់ការក្លឹប Liverpool), លោក Diego Simeone (អ្នកចាត់ការក្លឹប Atletico Madrid), លោក Gareth Southgate (គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស), លោក Ernesto Valverde (អ្នកចាត់ការក្លឹប Barcelona), លោក Zinedine Zidane (អតីតអ្នកចាត់ការក្លឹប Real Madrid)។
សម្រាប់បេក្ខភាពអ្នកចាត់ការ និងគ្រូបង្វឹកទាំង១១រូប ត្រូវបានជ្រើសរើសដោយ ក្រុមវីរបុរសបាល់ទាត់ ដោយផ្អែកទាំងស្រុងលើអ្វីដែលអ្នកចាត់ការ និងគ្រូបង្វឹកខាងលើសម្រេចបានក្នុងអំឡុងពេលពី ថ្ងៃទី ៣ កក្កដា ២០១៧ ដល់ថ្ងៃទី ១៥ កក្កដា ២០១៨។ សមាសភាពដែលអាចចូលរួមបោះឆ្នោតជ្រើសរើសគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំ រួមមាន អ្នកគាំទ្រ អ្នកសារព័ត៌មាន គ្រូបង្វឹក និងប្រធានក្រុមជម្រើសជាតិ៕