ក្លិប Perak របស់ធារីនឹងជួប Melaka ពេលក្របខណ្ឌកំពូលម៉ាឡេស៊ីវិលវិញ
តាមសេចក្ដីប្រកាសនៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលម៉ាឡេស៊ី Malayisan Super League 2020 នឹងវិលត្រលប់មកវិញសាជាថ្មីចាប់ពីថ្ងៃទី២៦ ខែសីហា ក្រោយផ្អាកបណ្ដោះអាសន្នតាំងពីខែមីនា ដោយសារជំងឺកូវីដ១៩។
ក្នុងនោះដែរក្លិប Perak FA ដែលមានខ្សែបម្រើកូនខ្មែរបារាំង ប៊ិន ចន្ថាធារី ត្រូវទទួលភ្ញៀវ Melaka សម្រាប់ការប្រកួតសប្ដាហ៍ទី៥។
ធារី ប្រាប់វិបសាយ MSR ពីប្រទេសម៉ាឡេស៊ី ថា គេ និងសមាជិកក្លិប Perak បានផ្ដើមការហ្វឹកហាត់បែបប៉ះទង្គិចពីថ្ងៃទី១៥ ខែកក្កដា និងពីរលើកក្នុងមួយថ្ងៃរៀងរាល់ថ្ងៃតែម្ដងដើម្បីត្រៀមឲ្យបានល្អសម្រាប់ការប្រកួត។ ក្នុងនោះក្រុមរបស់គេក៏មានជំនួបសមជើងពីរដងដែរនៅខែក្រោយ។
គួរដឹងដែរថា ធារី ដែលធ្លាប់ចំណាយពេលពីររដូវកាលនៅក្លិប Terengganu FA ពីចន្លោះ២០១៨ដល់២០១៩ បានចូលរួមជាមួយ Perak FA នៅដើមរដូវកាល២០២០នេះ ហើយទាត់ free kick ចូលមួយគ្រាប់ និងបញ្ជូនមួយលើកពីការបង្ហាញខ្លួន៤ប្រកួតដំបូង។
Perak បច្ចុប្បន្នស្ថិតនៅលេខពីរ មាន៨ពិន្ទុពីជ័យជម្នះពីរដង និងស្មើពីរដង នៅពីក្រោមក្រុមកំពូលតារាង Johor Darul Ta’zim ពីរពិន្ទុ។
គួរបញ្ជាក់ថា សេចក្ដីសម្រេចបើកការប្រកួតវិញនេះធ្វើឡើង ក្រោយមានការពិចារណាលើកត្តាយ៉ាងច្រើន ដូចជាការត្រៀមរបស់ក្រុមនីមួយៗដើម្បីធានាថា មានការប្រកួតប្រជែងខ្លាំង និងប្រកបដោយគុណភាព។
យោងតាមលោក Dato Ab Ghani Hassan នាយកប្រតិបត្តិ Malaysian Football League ជឿជាក់ថា កាលបរិច្ឆេទថ្មីនេះនឹងផ្ដល់ប្រយោជន៍ដល់ក្លិបទាំងអស់ ក្រោយរដ្ឋាភិបាលបើកនូវការហ្វឹកហាត់ដំណាក់កាលទីពីរ ពីថ្ងៃទី១៥ ខែកក្កដា៕