Pochettino ទុកលទ្ធផលជាអាទិភាព ក្រោយក្លាយជាគ្រូថ្មី PSG
ក្រោយចាកចេញពី Tottenham Hotspur រយៈពេល១៤ខែមក លោក Mauricio Pochettino ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិប Paris Saint Germain កាលថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១ លើកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២២ជាមួយលក្ខខណ្ឌបន្ថែមមួយឆ្នាំទៀត។
គ្រូបង្វឹកជនជាតិអាហ្សង់ទីនថ្លែងបែបនេះ “៖ខ្ញុំពិតជាសប្បាយចិត្ត និងមានកិត្តិយសបំផុតដែលត្រូវបានតែងតាំងជាគ្រូបង្គោលថ្មី PSG។ ខ្ញុំសូមអរគុណថ្នាក់ដឹកនាំក្លិបចំពោះទំនុកចិត្តលើខ្ញុំ។ អ្នករាល់គ្នាដឹងថា PSG តែងតែស្ថិតក្នុងដួងចិត្តខ្ញុំ។ ខ្ញុំមានអនុស្សាវរីយ៍ដ៏អស្ចារ្យនៅទីនេះ ជាពិសេសបរិយាកាសនៅ Parc des Princes។”
អតីតអ្នកចាត់ការ Southampton បន្ថែមបែបនេះ “៖ខ្ញុំត្រលប់មកកាន់ក្លិបដែលមានមហិច្ឆតាខ្ពស់ និងចេះដាក់ខ្លួន ខ្ញុំសប្បាយចិត្តដែលបានធ្វើការជាមួយកីឡាករលំដាប់កំពូល។ ក្លិបនេះមានសក្ដានុពល ហើយខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីអ្នកគាំទ្រ។ លទ្ធផលគឺជាអាទិភាពសម្រាប់ PSG។”
អ្នកសារព័ត៌មាន Fabrizio Romano បង្ហើបថា លោក Pochettino បានយល់ព្រមលើលក្ខខណ្ឌកាលពីប៉ុន្មានថ្ងៃមុន និងធ្វើដំណើរដល់ក្រុងប៉ារីសភ្លាមៗដើម្បីជួបពិភាក្សាជាមួយនាយកកីឡា PSG លោក Leonardo។ ភាគីទាំងពីរក៏បានទស្សនកិច្ចក្លិប និងរៀបចំគម្រោងផ្ទេរអំឡុងទីផ្សារដោះដូរ។
គួរដឹងដែរថា Paris Saint Germain បានតែងតាំងលោក Pochettino ជំនួសអ្នកចាត់ការ Thomas Tuchel ដែលត្រូវបានដកពីតំណែងនៅមុនបុណ្យគ្រីស្មាស់។ លោក Tuchel បាននាំ PSG ទៅកាន់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាលមុន។
លោក Pochettino ធ្លាប់ជាកីឡាករ PSG ពីចន្លោះឆ្នាំ២០០១ដល់២០០៣៕