ស្ថាប័នមួយរើស Henderson ជាកីឡាករល្អបំផុតនៅ Premier League
ខ្សែបម្រើ Jordan Henderson ត្រូវបានសមាគមស្មេរបាល់ទាត់ (Football Writers Association) ជ្រើសរើសជាកីឡាករល្អបំផុតប្រចាំរដូវកាល២០១៩/២០២០ ក្រោយរួមចំណែកសំខាន់ជួយ Liverpool ឈ្នះជើងឯក Premier League ជាលើកដំបូង។
សមាជិកក្រុមជម្រើសជាតិអង់គ្លេសខាងលើទទួលសម្លេងគាំទ្រច្រើនជាង Kevin De Bruyne របស់ Manchester City និង Marcus Rashofrd ពី Manchester United។
FWA Footballer of the Year ជាពានរង្វាន់ឯកជនចំណាស់ជាងគេនៅអង់គ្លេស និងត្រូវបានផ្ដល់ដល់កីឡាកររៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៤៨មក ដោយផ្ដោតលើសក្ដានុពលចំពោះក្លិប និងគុណផលផ្ទាល់ខ្លួនពេញមួយរដូវកាលមក។
Henderson ស្ថិតក្នុងចំណោមកីឡាករ៥រូបរបស់ Liverpool ទទួលបានសម្លេងគាំទ្រ រួមមាន Alisson, Virgil van Dijk, Trent Alexander-Arnold និង Sadio Mane។
De Bruyne ស្ថិតនៅលំដាប់ទីពីរ, Rashford លេខ៣, Alisson លេខ៤ និង Van Dijk លេខ៥។
Henderson លើកឡើងថា ពិបាកលាដៃទទួលយកពានតែម្នាក់ឯង ព្រោះការលេងរបស់គេមានការរួមចំណែកពីមនុស្សជុំវិញខ្លួនផ្សេងៗគ្នា ជាពិសេសមិត្តរួមក្រុមបច្ចុប្បន្នតែម្ដង៕