មេៗ Spurs ចាប់ផ្ដើមពិចារណាអនាគតអ្នកចាត់ការ Nuno ហើយ
អនាគតអ្នកចាត់ការ Tottenham Hotspur លោក Nuno Espirito Santo ចាប់ផ្ដើមធ្លាក់ក្នុងមន្ទិលហើយ ក្រោយដឹកនាំបានត្រឹម១៧ប្រកួត ហើយចុងក្រោយបង្អស់បានចាញ់ Manchester United ០ទល់នឹង៣លើដីខ្លួនឯង។
ប្រធានក្លិប Daniel Levy និងនាយកបាល់ទាត់ Fabio Paratici បានចាប់ផ្ដើមពិភាក្សាពីអនាគតរបស់លោក Nuno ដែលត្រូវបានតែងតាំងជាអ្នកចាត់ការលើកិច្ចសន្យា២ឆ្នាំ កាលខែមិថុនា កន្លងទៅ។
យ៉ាងណា ដើមរដូវកាលនេះ លទ្ធផលដែល Spurs ទទួលបាន មិនសូវល្អប៉ុន្មានទេ។ ជាក់ស្ដែង ពួកគេបានចាញ់៥ប្រកួតទៅហើយនៅ Premier League។
បច្ចុប្បន្ន ក្រុមមាន់ខ្នាយមាសកំពុងស្ថិតនៅលេខ៨ ក្រោមក្រុមកំពូលតារាង Chelsea ១០ពិន្ទុ។
តាមពិតទៅ មុនតែងតាំងអតីតអ្នកចាត់ការ Wolves រូបនេះ Spurs បានចរចាជិតត្រូវជាមួយអតីតគ្រូបង្គោល AS Roma លោក Paulo Fonseca តែបរាជ័យវិញ ដោយសារបញ្ហាពន្ធ៕