នាយកប្រតិបត្តិ Dortmund បង្ហើបគម្រោងការក្នុងទីផ្សារដោះដូរកីឡាករសម្រាប់ Haaland និង Sancho
នាយកប្រតិបត្តិ Borussia Dortmund លោក Hans-Joachim Watzke បាននិយាយថា ក្លឹបមានគម្រោងការចង់រក្សាខ្សែប្រយុទ្ធ Erling Haaland បន្ត១រដូវកាលទៀត ហើយនឹងបើកភ្លើងខៀវសម្រាប់ក្លឹបណាដែលដាក់សំណើរមកកាន់ខ្សែបម្រើ Jadon Sancho។
ការនិយាយបែបនេះគឺដោយសារតែ Erling Haaland កំពុងតែត្រូវបានគេបាញ់ព្រួញនៅក្នុងការផ្លាស់ចេញពីទឹកដី Westfalenstadion យ៉ាងខ្លាំងនៅដំណាច់រដូវកាលនេះ ខណៈដែល Jadon Sancho នៅតែបន្តមានព័ត៌មានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរមកកាន់ Manchester United ដដែល។
ជាក់ស្តែងលោក Hans-Joachim Watzke បានបង្ហើបឱ្យដឹងថា៖ “យើងមានគម្រោងការច្បាស់លាស់ ដោយយើងនឹងពិភាក្សាជាមួយ Haaland និងឪពុករបស់គេ រួមជាមួយនឹងភ្នាក់ងារ Mino Raiola ផងដែរអំពីផែនការបន្តរបស់យើង។ ជាការពិតយើងចង់ឱ្យគេនៅទីនេះបន្តទៀត ហើយយើងពិតជារីករាយណាស់ក្នុងការដែលគេតែងតែស៊ុតបញ្ចូលទីសម្រាប់ក្លឹប និងអ្នកគាំទ្រ។
“ដោយឡែកសម្រាប់ Jadon Sancho វិញ យើងក៏នឹងនិយាយជាមួយគេដូចគ្នា ប៉ុន្តែយើងក៏នឹងគោរពតាមការសម្រេចចិត្តរបស់គេផងដែរ។ ដូចនេះយើងនឹងរងចាំមើលទាំងអស់គ្នាថា គេនឹងចង់នៅទីណាជាបន្តទៀតនាពេលខាងមុខ” នេះបើតាមការបន្ថែមរបស់នាយកប្រតិបត្តិខាងលើ។
គួរឱ្យដឹងថា ខ្សែប្រយុទ្ធ Erling Haaland ត្រូវបានគេរាយការណ៍មកថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ចេញពី Borussia Dortmund ទៅកាន់ក្លឹបធំមួយនៅអឺរ៉ុបក្រោយពីបញ្ចប់រដូវកាលនេះជាមួយនឹងតម្លៃផ្ទេរ១៥៤លានផោន ខណៈដែល Jadon Sancho វិញគឺអាចនឹងសម្រេចការផ្ទេររបស់ខ្លួនទៅកាន់ Manchester United ក្នុងតម្លៃខ្លួន១០០លានផោនផងដែរ។