ខ្សែការពារ Atalanta ថាខ្លួនខ្មាស់គេខ្លាំងណាស់ ព្រោះខំរត់ទៅសុំអាវហើយ Cristiano Ronaldo អត់ឱ្យ
ខ្សែការពារ Robin Gosens របស់ Atalanta បានបង្ហើបរឿងដែលខ្លួនឯងបានជួប ហើយខ្មាស់គេបំផុតជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo កាលពីពេលថ្មីៗនេះ។
កីឡាករសញ្ជាតិអាល្លឺម៉ង់បានរំលឹកឱ្យដឹងថា កាលណោះការប្រកួតរវាង Juventus និង Atalanta បានបញ្ចប់ ដោយរូបគេគឺជាអ្នកគាំទ្ររបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់មួយរូប ហើយការប្តូរអាវនោះគឺជាក្តីស្រម៉ៃដែលខ្លួនប៉ងជាយូរណាស់មកហើយ។
អតីតយុវជន Fortuna Elten បានបន្ថែមទៀតថា៖ “ក្រោយចប់ការប្រកួតភ្លាមៗ ខ្ញុំព្យាយាមបំពេញក្តីស្រម៉ៃខ្លួនឯង ដោយរត់ទៅជិត Cristiano ហើយខ្ញុំសួរគេថា៖ តើខ្ញុំអាចសុំអាវលោកបានទេ? ហើយគេក៏ឆ្លើយតបមកវិញភ្លាមៗដោយមិនសូម្បីមើលមកខ្ញុំថា៖ ទេ! រួចមកខ្ញុំក៏ដើរចេញដោយមានអារម្មណ៍ថាខ្មាស់អ្នកគ្រប់គ្នា ហើយខ្លួនទទេរតែម្តង។”
យ៉ាងណាក្តីគិតមកទល់ពេលនេះ ខ្សែការពារ Robin Gosens នៅតែមានអារម្មណ៍ថាខ្មាស់ខ្លួនឯងដដែលក្រោយពេលនឹកឃើញរឿងនេះឡើងវិញម្តងៗ។