៧៤ឆ្នាំហើយដែល Brentford បានឡើងលីគកំពូលអង់គ្លេសសាជាថ្មី
Brentford បានឡើងទៅកាន់ក្របខណ្ឌ Premier League ជាលើកដំបូង ក្រោយឈ្នះ Swansea City ដោយលទ្ធផល២ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ Play-Off នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា។
Ivan Toney និង Emiliano Marcondes ជាអ្នករកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមលោក Thomas Frank។
នេះជាលើកដំបូងក្នុងការទៅលេងនៅ Premier League តែក៏ជាការឡើងទៅក្របខណ្ឌកំពូលអង់គ្លេសសាជាថ្មី ចាប់តាំងពីឆ្នាំ១៩៤៦-១៩៤៧។
រដូវកាលមុន ពួកគេបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Play-Off តែចាញ់ Fulham ២ទល់នឹង១ ក្នុងម៉ោងបន្ថែម១៥នាទី២ដង។
នេះជាលើកទី១០សម្រាប់ Brentford ប្រកួតវគ្គ Play-Off និងជាលើកទី៥ បានដល់វគ្គផ្ដាច់ព្រ័ត្រ។ ៣លើកមុន គឺឆ្នាំ១៩៩៧, ២០០២ និង២០១៣។
ក្រុមរហស្សនាមឃ្មុំនឹងចូលរួមជាមួយក្រុមជើងឯក Championship គឺ Norwich City និងជើងឯករង Watford ទៅកាន់ក្របខណ្ឌ Premier League រដូវកាល២០២១/២០២២៕