កីឡាទាញព្រ័ត្រជើងឯកថ្នាក់ជាតិចូលរួមបំផុសប្រជាជនលេងកីឡា និងអបអខួបចូលយូណេស្កូ
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជានឹងរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ និងពានរង្វាន់ Idol លើកទី១ ក្នុងគោលបំណងផ្សព្វផ្សាយកីឡាទាញព្រ័ត្រ និងចូលរួមបំផុសឱ្យប្រជាជនម្នាក់លេងកីឡាមួយមុខ ប្រចាំជីវិត ដើម្បីទទួលបានការគាំទ្រចាប់អារម្មណ៍កាន់តែច្រើនពីមហាជន ក៏ដូចជាការចូលរួម អបអរសាទរខួបលើកទី៩នៃការបង្ហាញល្បែងទាញព្រ័ត្រ ដែលអង្គភាព UNESCO ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥។ ក្នុងនោះ សហព័ន្ធក៏ត្រៀមជ្រើសរើសជើងខ្លាំងដែលមានសមត្ថភាពឆ្នើមៗត្រៀមទៅទៅចូលរួមព្រឹត្តិការណ៍អន្តរជាតិនានា។
មិនតែប៉ុណ្ណោះ ការប្រកួតកីឡាទាញព្រ័ត្រនេះ គឺដើម្បីសម្រួចទិសដៅក៏ដូចជាជ្រើសរើសអត្តពលិកឆ្នើមត្រៀមការប្រកួតផ្ដុំហ្វឹកហាត់ជម្រើសជាតិឆ្នាំ២០២៥ ក្នុងករណីក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតសម្រាប់ត្រៀមឆ្ពោះទៅស៊ីហ្គេម ២០២៥ នៅប្រទេសថៃ។
សម្រាប់សមាគមចូលរួមមានចំនួន១២ដូចជា សមាគមកីឡាទាញព្រ័ត្រក្រសួងមហាផ្ទៃ, បញ្ជាការដ្ឋានកងទ័ពជើងទឹក, ខេត្តកំពង់ឆ្នាំង, កំពត, កំពង់ចាម, កែប, កណ្ដាល, ព្រះសីហនុ, កំពង់ស្ពឺ, ស្វាយរៀង, បាត់ដំបង និងត្បូងឃ្មុំ សរុប៥០ក្រុម, ប្រតិភូ, គ្រូបង្វឹក កីឡាករ កីឡាការិនី មានទាំងអស់៣១២នាក់។
ការប្រកួតមានសរុប៨វិញ្ញាសា គឺ៨ទល់៨ ផ្នែកបុរស ទម្ងន់៦០០គីឡូក្រាម, វិញ្ញាសា៨ទល់ផ្នែកនារី ទម្ងន់៥០០គីឡូក្រាម, វិញ្ញាសា៤នាក់ទល់៤នាក់បុរសទម្ងន់២៥០គីឡូក្រាម, វិញ្ញាសាម្នាក់១ទល់១ បុរស ទម្ងន់៧៥គីឡូក្រាម និង ១ទល់១ នារីទម្ងន់៦២គីឡូក្រាម៥០០។ ចំណែក២វិញ្ញាសាទៀតដែលជាការដណ្ដើមពានសមាគម គឺ៨ទល់៨ ផ្នែកបុរស ទម្ងន់៦០០គីឡូក្រាម និង៨ទល់៨ផ្នែកនារី ទម្ងន់៥០០គីឡូក្រាម។
ការប្រកួតប្រព្រឹត្តទៅចំនួន៣ថ្ងៃ ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នាទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្ដម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានជំរុញឱ្យសមាគមក្លឹបទាំងអស់ខិតខំប្រឹងប្រែងបង្កើនសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំក្រុមនីមួយៗត្រូវចេះពិនិត្យកម្លាំង ភាពអំណត់ និងសុខភាពរបស់កីឡាករ កីឡាការិនីខ្លួនឱ្យបានត្រឹមត្រូវ មុនហ្វឹកហាត់ និងប្រកួត៕