
Dortmund គ្រោងចុះឈ្មោះខ្សែប្រយុទ្ធវ័យ១៥ឆ្នាំម្នាក់ក្នុងបញ្ជី UCL
Youssoufa Moukoko ខ្សែប្រយុទ្ធដ៏មានសក្តានុពលរបស់អាល្លឺម៉ង់នឹងមានឱកាសបង្ហាញខ្លួនក្នុងបាល់ទាត់កំពូលអឺរ៉ុប។
សារព័ត៌មាន Bild បានរាយការណ៍ថា Dortmund នឹងបញ្ចូលឈ្មោះ Youssoufa Moukoko ក្នុងបញ្ជី UEFA Champions League សម្រាប់រដូវកាល ២០២០/២១។
ដោយសារតែ Moukoko មានអាយុត្រឹមតែ ១៥ ឆ្នាំ Dortmund នឹងដាក់ឈ្មោះក្នុងបញ្ជីកីឡាករបម្រុង។ ខ្សែប្រយុទ្ធរូបនេះនឹងត្រូវរង់ចាំរហូតដល់ថ្ងៃខួបកំណើតគម្រប់ ១៦ ឆ្នាំរបស់គេនៅថ្ងៃទី ១៦ ខែវិច្ឆិកាដើម្បីមានសិទ្ធិលេងផ្លូវការ។
Moukoko បានបំពេញគ្រប់លក្ខខណ្ឌហើយ។ គេលេងឲ្យក្រុមយុវជន Dortmund ពីរឆ្នាំជាប់ៗគ្នា។ កីឡាករអាល្លឺម៉ង់ដើមកំណើតកាមេរូនបានចូលរួមជាមួយ Dortmund តាំងពីឆ្នាំ ២០១៦ ហើយរដូវកាលនេះ គេរកបាន៦គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ៣ប្រកួតសម្រាប់ក្រុម U19 រួមទាំងការស៊ុតបាល់បញ្ចូលទី៣គ្រាប់ពេលប៉ះជាមួយ Wehen Wiesbaden ។
ប្រសិនបើបានលេងនៅថ្ងៃទី២៤ ខែវិច្ឆិកា ពេល Dortmund ធ្វើជាម្ចាស់ផ្ទះទទួល Club Brugges នោះគេនឹងក្លាយជាកីឡាករក្មេងជាងគេនៅ UEFA Champions League បំបែកឯតទគ្គកម្មធ្វើឡើងដោយអតីតកីឡាករនីហ្សេរីយ៉ា Celestine Babayaro ពោល១៦ឆ្នាំ៨ ទល់នឹង១៦ឆ្នាំ ២ខែ២៥ ថ្ងៃ។
នាយកផ្នែកកីឡាក្លិប Borussia Dortmund លោក Michael Zorc បានបញ្ជាក់ពីការផ្តល់ឱកាសដល់ Moukoko ថា គឺពិតជាស័ក្ដិសមណាស់។ គេមានល្បឿនល្អ កម្លាំងធន និងសមត្ថភាពបញ្ចប់ទី។ Moukoko ក៏ធ្លាប់លេងនៅក្រុមអាល្លឺម៉ង់ U16 និង U20 ។ ទោះជាយ៉ាងណា គេនៅតែអាចជ្រើសរើសចូលរួមជាមួយក្រុមជម្រើសជាតិកាមេរូននាពេលអនាគត៕