Wenger ចង់ឲ្យរៀបចំ World Cup ពីរឆ្នាំម្ដង
លោក Arsene Wenger ទទូចថា ព្រឹត្តិការណ៍ FIFA World Cup និង UEFA Euro គួរតែត្រូវបានរៀបចំរយៈពេលពីរឆ្នាំម្ដងជាងម្ដងក្នុងរយៈពេល៤ឆ្នាំដូចសព្វដង។
អតីតអ្នកចាត់ការ Arsenal បច្ចុប្បន្នជានាយកអភិវឌ្ឍន៍សកលប្រចាំ FIFA ដែលទទួលបន្ទុកពិនិត្យមើលភាពរីកចម្រើនទាំងបាល់ទាត់បុរស និងនារី។ ខណៈការសម្រាកជាអន្តរជាតិកំពុងដំណើរការ លោក Wenger យល់ឃើញថា ការផ្ដួចផ្ដើមខាងលើពិតជាស័ក្ដិសមសម្រាប់បាល់ទាត់សម័យទំនើប។
បុរសជនជាតិបារាំងសង្កត់ធ្ងន់បែបនេះ “៖មើលតែ Champions League ទៅមើលគេធ្វើរាល់ឆ្នាំ អ៊ីចឹងវាជួយបង្កើនគុណភាពដែរ។ តាមពិត UEFA Nations League ល្អហើយដែលគេធ្វើឡើងជំនួសឲ្យការប្រកួតមិត្តភាពដែលមិនសូវសំខាន់ប៉ុន្មាន។ តែយ៉ាងណាវាមើលទៅមិនសូវជក់ចិត្តប៉ុន្មានទេ។ សាកដើរសួរគេតាមផ្លូវទៅ ថា Nations League ហ្នឹងអីគេ។ ប្រហែលគ្មាននរណាពន្យល់បានទេមើលទៅ។ បើមានព្រឹត្តិការណ៍អីបន្ថែមទៀត ប្រហែលល្អជាងនេះ ជាពិសេសល្អសម្រាប់អឺរ៉ុប។”
ការលើកឡើងរបស់លោក Wenger គ្រាន់ជាគំនិតប៉ុណ្ណោះមិនទាន់លេចចេញជាផែនការនៅឡើយទេ។ បច្ចុប្បន្ន FIFA បានរៀបគម្រោងរួចរាល់ហើយសម្រាប់ព្រឹត្តិការណ៍ World Cup សម្រាប់ឆ្នាំ២០២២ (កាតារ), ២០២៦ (អាមេរិក, កាណាដា និងម៉ិចស៊ីកូ) និងឆ្នាំ២០៣០ (មិនទាន់កំណត់ទីតាំង)។ សម្រាប់ការផ្លាស់ប្ដូរនៅវគ្គចុងក្រោយនោះគឺនឹងមាន៤៨ក្រុមចូលរួម ខុសពី៣២ក្រុមដូចរាល់ដង ហើយមាន១៦ពូល ដោយមួយពូលមាន៣ក្រុមជម្រើសជាតិ៕