FC Barcelona បណ្តេញ Victor Valdes ចេញពីដំណែងគ្រូបង្វឹក U19 ក្រោយដឹកនាំចាញ់២ប្រកួត
អតីតអ្នកចាំទី Victor Valdes ត្រូវបាន FC Barcelona បញ្ចប់មុខតំណែងជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោមអាយុ ១៩ឆ្នាំឈុត A (U19A) ក្រោយពីដឹកនាំក្រុមទទួលលទ្ធផលមិនសូវបានល្អ។ ដោយឡែកសម្រាប់បេក្ខភាពជំនួសដំណែងគឺលោក Franc Artiga ដែលជាគ្រូបង្វឹកក្រុមអាយុក្រោម ១៩ឆ្នាំឈុត B (U19B)។
បុរសជនជាតិអេស្ប៉ាញរូបនេះបានដឹកនាំឈុតយុវជនឈ្នះ ៤ប្រកួត ក្នុង ៥ប្រកួតនៃលីគ ប៉ុន្តែបរាជ័យទាំងពីរប្រកួតបើកឆាកនៅក្នុងពានរង្វាន់ UEFA Youth League ដោយចាញ់ Borussia Dortmund និង Inter Milan ដែលនេះគឺជាមូលហេតុធ្វើឱ្យរូបគេបាត់បង់កៅអីគ្រូបង្វឹករបស់ខ្លួន។
យ៉ាងណាមិញ យោងតាមសារព័ត៌មាន AS នៅអេស្ប៉ាញបានចុះផ្សាយថា មូលហេតុមួយទៀតដែលធ្វើឱ្យ Valdes ត្រូវបានបណ្តេញចេញពីដំណែងគឺ មិនចុះសម្រុងគ្នាជាមួយលោក Patrick Kluivert ដែលជានាយកសាលាបាល់ទាត់ La Masia ផងដែរ។