Pep Guardiola និយាយថា គ្មានអ្នកណាអាចជំនួសកន្លែង Sergio Aguero នៅ Manchester City បានឡើយ
គ្រូបង្វឹក Pep Guardiola បានសម្រក់ទឹកភ្នែកនៅថ្ងៃដែល Manchester City លើកពានរង្វាន់ក្របខ័ណ្ឌ Premier League ខណៈជាថ្ងៃដែលខ្សែប្រយុទ្ធ Sergio Aguero បង្ហាញខ្លួនលើកចុងក្រោយក្នុងការប្រកួតប្រជែងនៅទឹកដីអង់គ្លេសផងដែរ។
កីឡាករសញ្ជាតិអាហ្សង់ទីនត្រូវបានគេចាត់ទុកថាជាវីរបុរសរបស់ក្លឹបរហស្សនាមមេឃខៀវ បន្ទាប់ពីជួយឱ្យក្លឹបឈ្នះពានរង្វាន់ជាច្រើនកន្លងមក រួមទាំងការឡើងមកដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តផងដែរ។
ថ្លែងក្រោយបញ្ចប់ពិធីលើកពាន គ្រូបង្វឹកជនជាតិអេស្ប៉ាញបានឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានអំពីអវត្តមាន Aguero ថា៖ “Sergio គឺជាវីរបុរសរបស់ក្លឹប ហើយគ្មាននរណាអាចមកជំនួសកន្លែងរបស់គេបានឡើយ។ គឺគ្មានឡើយ។”
គួរឱ្យដឹងថា អតីតសមាជិក AT Madrid ខាងលើនេះត្រូវបានគេរាយការណ៍មកថា បានសម្រេចការផ្លាស់ទៅកាន់ FC Barcelona រួចរាល់ហើយដោយបានចុះកុងត្រារយៈពេល២ឆ្នាំ ហើយទទួលបានថ្លៃនឿយហត់ក្រោម១០លានអឺរ៉ូក្នុង១រដូវកាល។