Dortmund ចាញ់ តែ Haaland ត្រូវក្រុមមន្ត្រីប្រកួតតាមសូមស៊ីញ៉េ
Erling Braut Haaland បានក្លាយជា superstar សូម្បីតែក្រុមន្ត្រីដឹកនាំការប្រកួតក៏តាមសូមហត្ថលេខាដែរ ទោះ Borussia Dortmund របស់គេប្រកួតចាញ់ Manchester City ២ទល់នឹង១ ក្នុងជំនួប UEFA Champions League វគ្គ៨ក្រុមចុងក្រោយជើងទីមួយ។
ក្រោយចប់ការប្រកួត ជំនួយការអាជ្ញាកណ្ដាលជនជាតិរ៉ូម៉ានី បានតាម Haaland ដល់ច្រកចេញចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ ដើម្បីស្នើសូមហត្ថលេខារបស់គេដាក់លើកាតក្រហម និងកាតលឿង។
ទាក់ទងរឿងរ៉ាវនេះ លោក Owen Hargreaves ដែលជាអ្នកវិភាគបាននិយាយថា មិនសមឡើយ។ លោកថា មន្ត្រីដឹកនាំការប្រកួត មានការងារផ្ទាល់ខ្លួន។ ដោយឡែកក្នុងការប្រកួតវគ្គទីមួយ ឃើញមានកំហុសច្រើនចំពោះការងារពួកគេ។ Hargreaves ថា អាចធ្វើបែបនេះបានក្នុងនាមជាអ្នកគាំទ្រ តែបើជាមន្ត្រី មិនធ្វើចំពោះមុខកីឡាករផ្សេងៗទេ ព្រោះវាមិនស័ក្ដិសម។
ចំណែកលោក Pep Guardiola វិញគិតថា ប្រហែលជំនួយការអាជ្ញាកណ្ដាលម្នាក់នោះជាអ្នកគាំទ្រ Haaland តែក៏ប្រហែលជាសូមដើម្បីទុកឲ្យកូនៗ។ លោក Pep មិនដែលឃើញបែបនេះទេ។ ប៉ុន្តែសម្រាប់ការសម្រេចចិត្តក្នុងការប្រកួត គឺត្រឹមត្រូវហើយ ពួកគេធ្វើការងារបានល្អ។
លោកអាជ្ញាកណ្ដាល Ovidiu Hategan និងក្រុមការងារបានជួបពាក់ព័ន្ធរឿងចម្រូងចម្រាសចំនួន២ក្នុងវគ្គទីមួយ ដែលក្នុងនោះគ្រាប់បាល់របស់ Jude Bellingham មិនត្រូវបានអនុញ្ញាតឲ្យចូល ហើយថែមទាំងផ្ដល់កាតលឿងដល់ខ្សែបម្រើ Dortmund រូបនេះទៀត ព្រោះថាបានប៉ះទង្គិចជាមួយអ្នកចាំទី។
Kevin de Bruyne ជាអ្នករកបាល់នាំមុខសម្រាប់ Man City មុន Haaland បញ្ជូនឲ្យ Marcos Reus តាមស្មើ។ Phil Foden ក៏រកបានគ្រាប់ជ័យជម្នះក្នុងជើងទីមួយសម្រាប់ក្រុមមេឃខៀវ៕
៊