ឯកឧត្ដម សៅ សុខា សម្រេចចិត្តបន្តការងារជាប្រធានសហព័ន្ធវិញ
ឯកឧត្ដម សៅ សុខា បានសម្រេចបន្តកាន់តំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្ទាប់ពីមានការអំពាវនាវពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅថ្ងៃទី៨ ខែឧសភា បានបង្ហោះលិខិតរបស់ឯកឧត្ដម សៅ សុខា បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងលិខិតនេះ ឯកឧត្ដម សៅ សុខា បានបញ្ជាក់ថា នឹងបន្តកាន់ តំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
“ខ្ញុំសូមទទួលយកការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្រលាញ់កីឡាបាល់ទាត់ទាំងអស់នៅកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា អ្នកឧបត្ថម្ភ ប្រព័ន្ធផ្សព្វផ្សាយ និងមិត្តភ័ក្តិអន្តរជាតិទាំងអស់ក្នុងការបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
“ដើម្បីឆ្លើយតបនឹងការជឿទុកចិត្តពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ខ្ញុំសូមអំពាវនាវដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ត្រី បុគ្គលិក គ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករកម្ពុជា បន្តខិតខំប្រឹងប្រែងកែលម្អលើគ្រប់វិស័យ ដើម្បីឲ្យកាន់តែប្រសើរឡើង។”
ឯកឧត្ដម សៅ សុខា បានប្រកាសលាលែងពីតំណែងជាប្រធាន FFC បន្ទាប់ពី U22 កម្ពុជា ចាញ់មីយ៉ាន់ម៉ា U22 ០-២ (៧ ឧសភា)៕