កីឡាករកូនកាត់ខ្មែរ-ហ្គាណា ឡេង ណូរ៉ា មិននឹកស្មានថាខ្លួនអាចជាប់ជម្រើសជាតិឈុតធំ
កីឡាករខ្សែបម្រើកូនកាត់ខ្មែរ-ហ្គាណា ឡេង ណូរ៉ា ដែលជាសមាជិកក្លិបបាល់ទាត់ខេត្តព្រៃវែង បានបង្ហាញអារម្មណ៍មិននឹកស្មានថារូបខ្លួនអាចជាឳកាសជាប់ជម្រើសជាតិឈុតធំឡើយ។ ព្រោះរូបគេទើបតែមានវ័យ១៧ឆ្នាំ ហើយក៏ទើបតែបានសម្រេចក្ដីស្រមៃឡើងមកលេងក្របខណ្ឌលីគកំពូលកម្ពុជានៅរដូវកាលនេះ។
គួររំលឹកថា កីឡាករដែលមានម្ដាយជាខ្មែរ និងឪពុកជាជនជាតិហ្គាណារូបនេះ បានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងអោយកាន់តែខ្លាំងថែមទៀត។ គួរបញ្ជាក់ថា ឡេង ណូរ៉ា បានផ្ដើមអាជីពដំបូងជាមួយក្រុមយុវជន U15 វិសាខា ហើយគេបានរួមចំណែកជួយក្រុមឈ្នះពានយុវជនជាច្រើន មុនផ្ទេរមកចូលរួមជាមួយក្លិបបាល់ទាត់ខេត្តព្រៃវែង ដែលជាក្រុមចំណូលថ្មីនៃលីគកំពូលកម្ពុជា៕