
មិនទាន់ចាញ់មែន គ្រូ Spurs នៅតែថា ត្រូវការកីឡាករថ្មីៗដើម្បីប្រជែងជើងឯក
អ្នកចាត់ការ Tottenham Hotspur លោក Antonio Conte យល់ថា យ៉ាងហោចណាស់ក្រុមរបស់លោកត្រូវការកីឡាករថ្មី២នាក់ទៀតដើម្បីអាចប្រជែងតំណែងជើងឯក Premier League រដូវកាលថ្មីបាន។
Spurs មាន១០ពិន្ទុស្មើក្រុមការពារជើងឯក Manchester City ក្រោយឈ្នះ៣ និងស្មើ១ពីការប្រកួត៤លើកដំបូងក្នុងរដូវកាលនេះ។
Conte បានផ្លាស់ប្ដូរតិចតួចក្នុងរដូវកាលនេះសម្រាប់ជម្រើស១១នាក់ដំបូង តែគិតថា ក្រុមរបស់លោកត្រូវតែពង្រឹងតំបន់សំខាន់ៗមួយចំនួន។
“បើប្រៀបជាមួយរដូវកាលមុន យើងត្រូវការពង្រឹងបន្ថែម។ ហើយបើចង់រីកចម្រើនជាងហ្នឹងទៀត យើងត្រូវការពេល អត់ធ្មត់ និងមានការដោះដូរ អ៊ីចឹងមើលទៅយ៉ាងហោចណាស់ ក៏ត្រូវការបន្ថែមទៀតដែរ។”
គ្រូបង្វឹកជនជាតិអ៊ីតាលីបញ្ជាក់ថា បាននិយាយទៅកាន់ថ្នាក់ដឹកនាំហើយមុនទីផ្សារដោះដូរត្រូវបិទមុនម៉ោង១២យប់ថ្ងៃពុធ ទី៣១ ខែសីហា នេះ។ យ៉ាងណា លោកថា បានឬមិនបាន ក៏អូខេដែរ៕