តោះមកដឹង! ប្រវត្តខ្លះៗកីឡាករ អ៊ុយ ឡុងហួរ ដែលជាសមាជិកថ្មីរបស់ក្លិប បឹងកេត
ក្លិបបាល់ទាត់ បឹងកេត បានប្រកាសជាផ្លូវការណ៍ក្នុងការនាំយកកីឡាករខ្សែបម្រើវ័យក្មេង អ៊ុយ ឡុងហួរ មកចូលរួមជាមួយក្លិបសម្រាប់រដូវកាលថ្មី២០២១ នៃលីគកំពូលបាល់ទាត់កម្ពុជា ដែលត្រៀមចាប់ផ្តើមក្នុងអំឡុងខែ មិនា ២០២១ ខាងមុខនេះ ។
ឡុងហួរ បានលើកឡើងថា៖ “ ខ្ញុំបាទឈ្មោះ អ៊ុយ ឡុងហួរ តួនាទីជាខ្សែបំរើ ខ្ញុំបានចាប់ផ្ដេីមស្រលាញ់បាល់ទាត់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ រហូតដល់ឆ្នាំ ២០១៥ ខ្ញុំបានស្គាល់លោកគ្រូម្នាក់ដែលមានឈ្មោះថា សា គីមសាន គាត់បានបង្ហាត់បង្រៀនខ្ញុំអោយលេងបាល់។ រួចហេីយខ្ញុំក៏មានឱកាសបានលេងពានសិស្សថ្នាក់ខេត្ត។ ហេីយគាត់ក៏បានប្រមូលផ្ដុំកីឡាករដែលស្រលាញ់បាល់ទាត់មកបង្កេីតជាក្រុមមួយមានឈ្មោះថា CK SANSTAR។ បន្ទាប់ពីនោះខ្ញុំក៏បានហ្វឹកហាត់រួចបានលេងពានក្នុងបណ្ដាខេត្តជាច្រើន (ហេីយតាំងពីពេលនោះមកខ្ញុំតែងតែមានក្តីស្រមៃចង់ក្លាយជាកីឡាករអាជីព)។
ក្នុងឆ្នាំ ២០២០-២០២១ ខ្ញុំបានក្រុមដែលមានប្រជាប្រិយភាពនៅក្នុងខេត្តទាក់ទងមកខ្ញុំ ហៅខ្ញុំចូលលេងក្នុងក្រុមរបស់គាត់ក្រុមនោះមានឈ្មោះថា BOREY RATH FC ។ ឥលូវនេះ ខ្ញុំក៏បានមកដល់ក្តីស្រមៃខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានមកចូលរួមក្នុងក្លិប បឹងកេត។ ជាចុងក្រោយខ្ញុំសូមអគុណដល់ម៉ាក់ប៉ា និងបងៗ លោកគ្រូៗ មិត្តភក្តិ ហេីយប្អូនៗ ដែលបានលើកទឹកចិត្តខ្ញុំកន្លងមក។ ”
សូមរំលឹកផងដែរថា បឹងកេត កាលពីពេលថ្មីៗនេះ ក៏ទើបតែបានចុះហត្ថលេខានាំចូលកីឡាករ វ៊ាំង ដាវីន ហើយក៏បានបញ្ចប់កិច្ចសន្យាជាមួយកីឡាករកម្ពុជា ២រូប រួមមាន ខ្សែប្រយុទ្ធ ម៉ុន វ៉ាន់ដា និងកីឡាករ ម៉ាត់ យ៉ាមីន ៕