ជើងឯកបាល់ទាត់លីគកំពូលវៀតណាម២០២២បានជាង៣ពាន់លានដុង
បើតាមស្ថាប័ន Vietnam Professional Football Joint Stock Company ប្រាក់រង្វាន់សម្រាប់ម្ចាស់ជើងឯកបាល់ទាត់លីគកំពូលវៀតណាម រដូវកាល ២០២២ មានចំនួន៣ពាន់លានដុង ឬស្មើនឹងជាង១៣ម៉ឺនដុល្លារអាមេរិក។ ចំណែកប្រាក់រង្វាន់សម្រាប់ជើងឯករងវិញ គឺជាង៦ម៉ឺនដុល្លារអាមេរិក និងក្រុមលេខ៣បានជាង៣ម៉ឺនដុល្លារអាមេរិក។
តាមពិតទៅបើតាមការចុះផ្សាយពីសារព័ត៌មាន Zing ទំហំប៉ុនខាងលើមិនខុសគ្នាពីរដូវកាល២០២១ទេ។ អ្វីដែលគេបានដឹងបន្ថែមទៀតនោះ គឺក្លិបនីមួយៗដែលចូលរួមជើងឯកលីគ V-League ត្រូវបង់៥២៥លានដុង ឬជាង២៣០០០ដុល្លារអាមេរិក។
សម្រាប់ក្រុមឈ្នះជើងឯកលីគទី២ ឬ First Division និង National Cup 2022 នឹងទទួលបានប្រាក់លើកទឹកចិត្តជាង១ពាន់លានដុង ឬជាង៤ម៉ឺនដុល្លារ។
លីគទី២វៀតណាមរដូវកាលនេះមាន១២ក្រុម ហើយការរៀបចំដូចលីគកំពូលដែរ ដោយក្រុមលេខ១ និងលេខ២ បានឡើងទៅលីគកំពូល។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែមីនា តទៅ។ ចំណែកលីគកំពូលមាន១៣ក្រុម នឹងចាប់ផ្ដើមពីថ្ងៃទី២២ ខែកុម្ភៈ៕