មាន២៩ក្លិបហើយដែល Suarez ទាត់ចូលនៅ La Liga
Cadiz គឺជាក្លិបទី២៩នៅក្របខណ្ឌ La Liga ដែលត្រូវបាន Luis Suarez ទាត់បញ្ចូលទី ក្នុងការប្រកួតដែល Atletico Madrid ឈ្នះ ៤ទល់នឹង០នៅថ្ងៃសោរ៍ ទី០៧ ខែវិច្ឆិកា។
ខ្សែប្រយុទ្ធអ៊ុយរុយហ្គាល់បានផ្លាស់ពី FC Barcelona ទៅ Atletico Madrid នៅដើមរដូវកាល២០២០/២០២១ និងរកបានសរុប៥គ្រាប់ហើយពីការចូលលេង៦លើក ហើយជារយៈពេល៦ឆ្នាំដែលគេលេងនៅក្របខណ្ឌកំពូលអេស្ប៉ាញ។
គ្រាប់បាល់របស់អតីតសមាជិកក្លិប Liverpool កើតឡើងនៅនាទី៥១ ក្រោយ Joao Felix និង Marcos Llorente រកបានម្នាក់មួយគ្រាប់។ ចូលដល់នាទី៩០+០១ Joao Felix ដដែលបន្ថែមគ្រាប់ទី៤។
ជ័យជម្នះលើ Cadiz បានរុញ Atletico Madrid ទៅកាន់កំពូលតារាងជាបណ្ដោះអាសន្នពីការប្រកួត៧លើក មាន១៧ពិន្ទុ ស្មើ Real Sociedad ដែលលើសមួយប្រកួត៕