អាហ្សង់ទីនបញ្ជាក់ថា នឹងប្រកួតមិត្តភាពជាមួយអូស្ត្រាលី និងឥណ្ឌូនេស៊ី
តាមរយៈលិខិតរបស់ស្ថានទូតអាហ្សង់ទីនប្រចាំនៅទីក្រុងប៉េកាំង និងទីក្រុងហ្សាកាតាបានបញ្ជាក់ថា ក្រុមជម្រើសជាតិអាហ្សង់ទីនដែលមាន Lionel Messi ជាប្រធានក្រុម នឹងធ្វើដំណើរមកប្រកួតមិត្តភាពអន្តរជាតិនៅតំបន់អាស៊ីនាខែមិថុនាខាងមុខ។
ចំពោះកាលបរិច្ឆេទ គឺថ្ងៃទី ១៥ អាហ្សង់ទីន នឹងជួបប្រកួតជាមួយ អូស្រ្តាលី ក្នុងកីឡដ្ឋានជាតិរបស់ចិនស្ថិតនៅតំបន់ Beijing Olympic Park មុនបន្តជួបឥណ្ឌូនេស៊ី នៅថ្ងៃទី ១៩ ខែមិថុនាដដែល ក្នុងកីឡដ្ឋាន GBK នៃក្រុងហ្សាការតា។
យោងតាម AS ក្រុមចិនគឺជាគូប្រកួតដំបូងគេដែលត្រូវបានជ្រើសរើសឱ្យលេងទល់នឹងអាហ្សង់ទីន។ យ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ប្រទេសនេះបានដកខ្លួនចេញ។ អូស្ត្រាលីជាក្រុមដែលត្រូវបានជ្រើសរើសជាជម្រើសសម្រាប់លេងនៅក្រុងប៉េកាំង។
កាលពីខែមីនា សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានបង្ហាញផែនការដើម្បីអញ្ជើញអាហ្សង់ទីនមកប្រកួតមិត្តភាពនៅថ្ងៃ FIFA Days ក្នុងខែមិថុនា។ នៅពេលនោះ អនុប្រធាន PSSI លោក Zainudin Amali បានទទួលស្គាល់ថា នេះគឺជាការខិតខំប្រឹងប្រែងរបស់សហព័ន្ធ តាមរយៈដៃគូឧបត្ថម្ភ៕