Gary Neville ទទូចឱ្យលោក Glazers ដក Ed Woodward ចេញពីមុខងារទិញកីឡាកររបស់ Man Utd
(BC-99)
Woodward បានចូលមកបំពេញភារកិច្ចជាអនុប្រធានប្រតិបត្តិរបស់ក្រុម Man United ចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ក៏ប៉ុន្តែក្រោមការចង្អុលបង្ហាញរបស់លោក ក្រុមបិសាចក្រហម ក៏ប្រឈមមុខទៅនឹងការធ្លាក់ចុះទម្រង់លេងគួរអោយកត់សម្គាល់ ហើយនាពេលបច្ចុប្បន្ននេះផងដែរក្រុមដែលមានប្រវត្តិដ៏រុងរឿងមួយនេះកាន់តែធ្លាក់ដុនដាបមិនអាចស្វែងរកចំណាត់ថ្នាក់កំពូលទាំង ៤ នៅ Premier League បានទៀតផង។
លោក Woodward ធ្លាប់បានទិញកីឡាករលំដាប់ពិភពលោកមួយចំនួនរួចមកហើយ តែពួកគេបែរជាមិនអាចជួយយឹតយោង United បាននុះទេដែលរួមមាន Angel Di Maria, Alexis Sanchez, Memphis Depay, Morgan Schneiderlin និង Henrikh Mkhitaryan ។ តាំងពីពេលមិនសមប្រកបជាមួយកីឡាករថ្លៃៗរួចមកលោក Woodward ហាក់ដូចជាមានការរឹតត្បឹតកាន់តែខ្លាំងថែមទៀតក្នុងការទិញយកកីឡាករបន្ថែម ហើយបញ្ហានេះត្រូវបានអតីតកីឡាករនិងជាវិរបុរសរបស់ក្លិប Gary Neville ជឿជាក់ថា Woodward បានធ្វើអោយ United ដើរថយក្រោយក្នុងកំឡុងពេលដែលគាត់ធ្វើជាអនុប្រធានប្រតិបត្តិរបស់ក្លឹប។
Neville បាននិយាយប្រាប់ Metro News ថា៖ “Woodward មិនមានសមត្ថភាពក្នុងការមើលកីឡាករជាអត្ថិភាពនោះទេ។ ជួនកាលគាត់បានសម្រេចចិត្តដោយខ្លួនឯងក្នុងការនាំយកកីឡាករដែលមិនមែនជាគោលដៅរបស់ក្លិប ដូចនេះម្ចាស់ក្លិបគួរតែគិតពិចារណាលើមុខតំណែងរបស់បុគ្គលម្នាក់នេះឡើងវិញ”។
គួររម្លឹកថាការប្រកួតចុងក្រោយរបស់ Man Utd កាលពីយប់ថ្ងៃអាទិត្យកន្លងទៅបានថ្លោះធ្លោយចាញ់ក្រុម Newcastle United ១-០ ដែលធ្វើអោយ៨ប្រកួតរបស់ក្រុមបិសាចក្រហមនាដើមរដូវកាលនេះរកបានតែ៩ពិន្ទុតែប៉ុណ្ណោះ ហើយវាក៏ជាការចាប់ផ្តើមរដូវកាលដ៏សោះកក្រោះមួយរបស់ក្រុមដែលធ្លាប់ឈ្នះជើងឯកលីកកំពូល២០សម័យមួយនេះដែរ។