លោក ប្រាក់ សុវណ្ណារ៉ា និយាយអំពី ចាន់ វឌ្ឍនាកា ធ្វើយ៉ាងណាទើបត្រលប់មកភាពល្អពីមុនវិញ
អតីតគ្រូជម្រើសជាតិកម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា ដែលកំពុងដឹកនាំក្រុមនរគបាលជាតិ បានបញ្ចេញចំណាប់អារម្មណ៍ទាក់ទងជាមួយកីឡាករខ្សែប្រយុទ្ធជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា អំពីទម្រង់លេងនាពេលបច្ចុប្បន្ន ដែលមិនបានស្ថិតក្នុងការដឹកនាំរបស់គ្រូជម្រើសជាតិ Félix Dalmás ថាធ្វើយ៉ាងណាអាចកែប្រែសមត្ថភាពដែលល្អពីមុនឱ្យត្រលប់មកវិញ។
លោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងថា៖ “វឌ្ឍនាកា នៅតែជាកីឡាករសំខាន់របស់ក្រុមជម្រើសជាតិ ” នេះជាអ្វីដែលខ្ញុំប៉ងនិយាយ។ ទោះជាយ៉ាងណា កីឡាករទាំងអស់ត្រូវតែយល់ពីរបត់ប្រែប្រួលរបស់បាល់ទាត់បច្ចុប្បន្ន។ យើងបានព្យាយាមយ៉ាងខ្លាំងដើម្បីនាំយកអ្វីដែលល្អបំផុតរបស់គាត់ ប៉ុន្តែគ្មាននរណាម្នាក់ល្អឥតខ្ចោះទេ។ ចំពោះវឌ្ឍនាកា គាត់ត្រូវកែលម្អកម្លាំងរបស់គាត់ នោះភាពល្អពីមុននឹងត្រលប់មកវិញ “។ អតីតគ្រូបឹងកេតក៏បានបន្ថែមទៀតថា ឥឡូវនេះមានការផ្លាស់ប្តូរច្រើននៅក្នុងវិស័យបាល់ទាត់។ អ្នកត្រូវការពារ និងប្រយុទ្ធក្នុងពេលតែមួយ។ អ្នកអាចមើលឃើញឥឡូវនេះ កីឡាករដែលមានទេពកោសល្យជាច្រើននៅកម្ពុជា ដូច្នេះនៅពេលនេះគ្មាន វឌ្ឍនាកា ក៏គ្មានបញ្ហាសម្រាប់ជម្រើសជាតិកម្ពុជាដូចគ្នា។
គួរបញ្ជាក់ផងដែរថា គ្រូដែលមានបទពិសោធន៍ច្រើនរូបនេះ ធ្លាប់បានដឹកនាំបឹងកេត អំឡុងរដូវកាល ២០១៥ និង ២០១៦ ពោលគឺចំពេលដែល ចាន់ វឌ្ឍនាកា ស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុត ដែលបានឈ្នះស្បែកជើងមាសក្នុងលីគកំពូលកម្ពុជា ២រដូវកាលជាប់ៗគ្នានាឆ្នាំនោះ ហើយក៏ជាអ្នកស៊ុតបានច្រើនបំផុតក្នុងលីគដែលមិនធ្លាប់មានរហូតដល់ ៣៣គ្រាប់ ក្នុងមួយរដូវកាល នាឆ្នាំ២០១៥៕