
ថ្នាក់ដឹកនាំ Leeds ដាក់គោលដៅលេង Champions League
នាយកក្លិប Leeds United បង្ហើបថា ក្រុមរបស់លោកកំពុងផ្តោតគោលដៅក្នុងការវិលទៅកាន់ UEFA Champions League សាជាថ្មី ក្រោយមានកៅអីនៅ Premier League រដូវកាល២០២០/២០២១។
ក្រុមអាវពណ៌សបង្ហាញខ្លួនចុងក្រោយនៅ UCL ក្នុងរដូវកាល ២០០០/០១ ហើយបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ទាប់ពីទទួលបានជ័យជម្នះលើ AC Milan, Lazio និង Deportivo ។
ក្រុមលោក Marcelo Bielsa ត្រូវបានគេសរសើរចំពោះការលេងដ៏រស់រវើករបស់ពួកគេចាប់តាំងពីបាល់ទាត់ Championship បានត្រឡប់មកវិញពីការផ្អាកដោយសារជំងឺកូវីដ១៩ ហើយក៏ក្រសោបបានតំណែងជើងឯក និងវិលទៅ Premier League ក្រោយអវត្តមាន១៦ឆ្នាំ។
ឥឡូវនេះលោក Kinnear បានបើកចំហរលើផែនការសម្រាប់យុទ្ធនាការនាពេលខាងមុខ និងការដោះដូរកីឡាករ។
លោកបានប្រាប់ទូរទស្សន៍ Sky Sports ថា “ខណៈយើងកំពុងអបអរ ខណៈយើងទាំងអស់គ្នារំភើបខ្លាំង យើងបានត្រលប់ទៅកន្លែងដែលជាកម្មសិទ្ធិរបស់យើង។ នេះជាមូលដ្ឋានពិតប្រាកដរបស់ Leeds United”។
ថ្នាក់ដឹកនាំដដែលលើកឡើងបន្ថែមថា Leeds United មិនមែនជាក្រុមនៅ Championship ទេ តែជាបេក្ខជននៅ Premier League៕