មានកីឡាករ៣រូបផ្សេងទៀតហើយដែលពិនិត្យឃើញវិជ្ជមានជំងឺកូរ៉ូណាវីរុស (COVID-19)នៅលីកអ៊ីតាលី
បន្ទាប់ពីថ្ងៃម្សិលមិញកីឡាករ King Udoh ដែលកំពុងតែលេងនៅក្នុងក្លឹប Pianese ក្នុងក្របខណ្ឌ អ៊ីតាលី Serie C បានក្លាយជាកីឡាករអាជីពដំបូងគេដែលឆ្លងកូរ៉ូណាវីរុស ( COVID-19)។ ស្រាប់តែនៅថ្ងៃនេះ គ្រូពេទ្យនៅប្រទេសអ៊ីតាលីបានពិនិត្យឃើញវិជ្ជមានទៅលើកីឡាករ៣រូបផ្សេងទៀតដែលលេងនៅក្របខណ្ឌអ៊ីតាលី Serie C ដូចគ្នា គឺលេងនៅក្លឹប US Pianese ឃើញមានកូរ៉ូណាវីរុស (COVID-19)ផងដែរ។ បើយោងតាមសេចក្តីរាយការណ៍របស់ក្លឹបនៅក្នុងទីក្រុង Siena បានឲ្យដឹងថា ក្នុងចំណោមអ្នកដែលពិនិត្យឃើញវិជ្ជមានជំងឺកូរ៉ូណាវីរុស (COVID-19) ទាំង៣រូប ក្នុងមានកីឡាករ២រូប និង មន្រ្តីរបស់ក្រុម១រូប។
ក្នុងចំណោមកីឡាករនិងមន្រ្តីរបស់ក្លឹបមានជំងឺកូរ៉ូណាវីរុស (COVID-19) មានដូចជាទី១កីឡាករ Alessandria ដែលក្មេងជាងគេ ដោយមុនពិនិត្យ គឺមានអាការក្តៅខ្លួនខ្លាំង និងឈឺក្បាល កីឡាករទី២ គ្រាន់តែក្តៅខ្លួនល្មម ហើយកំពុងតែឃាត់ខ្លួននៅក្នុងផ្ទះរបស់គេ ដោយមិនទាន់ក្តៅខ្លួនខ្លាំង និង ឈឺក្បាលដូចកីឡាករទី១ឡើយ។ ចំណែកអ្នកទី៣ដែលជាមន្រ្តីរបស់ក្លឹប ដែលគេបានពិនិត្យឃើញវិជ្ជមានជំងឺកូរ៉ូណាវីរុស (COVID-19)នោះ គឺបានបង្ហាញអាការក្តៅខ្លួនខ្លាំង ហើយត្រូវបានគេដឹកសង្រ្គោះតាមរថយន្តបញ្ជូលទៅមន្ទើរពេទ្យ Siena។ហើយជាមួយគ្នានេះ សម្រាប់ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌនៅប្រទេសអ៊ីតាលីទាំងអស់ គឺកំពុងតែមានការរឹតបន្ទឹងខ្លាំងចំពោះបញ្ហាជំងឺកូរ៉ូណាវីរុស (COVID-19)មួយនេះ ស្របពេលដែលប្រទេសអ៊ីតាលីទាំងមូលកំពុងតែមានការព្រួយបារម្ភខ្លាំង៕