ប្អូនប្រុសរបស់គុនខ្មែរ ឡុង សុវណ្ណឌឿន ឡើងប្រកួតជាលើកដំបូង
ប្អូនប្រុសរបស់ជើងខ្លាំងគុនខ្មែរ ឡុង សុវណ្ណឌឿន បានសម្រេចចិត្តដើរតាមគន្លងបងប្រុសរបស់ខ្លួន ទោះបីស្ថិតក្នុងវ័យកំពុងសិក្សាយ៉ាងណាក្តី ដោយសារចេិត្តស្រលាញ់គុនខ្មែរនិងការមើលឃើញពីសមត្ថភាពរបស់បងប្រុសរបស់ខ្លួនដែលបានជោគជ័យច្រើនក្នុងវិស័យមួយនេះ ។
ទេព ឧត្តម ជាប្អូនប្រុសពៅក្នុងគ្រួសាររបស់ម្ចាស់ខ្សែក្រវាត់គោជល់នៅស្ថានីយ៍ទូរទស្សន៍ PNN ឡុង សុវណ្ណឌឿន ដោយរូបគេបានចាប់ផ្តើមហ្វឹកហាត់មូលដ្ឋានគ្រឹះប្រដាល់គុនខ្មែរពីបងប្រុសរបស់គេតាំងពីប្រលងបាក់ឌុបជាប់ក្នុងឆ្នាំ២០១៨ ហើយបន្តមកសិក្សានៅសកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU )នៅរាជធានីភ្នំពេញ ។
តាមការបញ្ជាក់របស់ ឡុង សុវណ្ណឌឿន ថា៖ មិនបានហាមឃាត់ប្អូនប្រុសក្នុងការហ្វឹកហាត់ប្រដាល់គុនខ្មែរនោះទេ ទោះបីខ្លួនឯងធ្លាប់ឆ្លងកាត់ភាពឈឺចាប់ច្រើនយ៉ាងណាក្តី ផ្ទុយទៅវិញមានតែជួយបណ្តុះបណ្តាលបន្ថែមអោយប្អូនក្លាយជា កីឡាករជោគជ័យមួយរូបលើវិថីមួយនេះ ហើយសង្ឃឹមថារូបគេនឹងបានជៅគជ័យជាងខ្លួនឯងថែមទៀត ។ ម្ចាស់ហាងគោដុត គុនខ្មែរ បន្ថែមថា ឧត្តម បានចាប់ផ្តើមហ្វឹកហាត់ជាមួយខ្លួននៅពេលប្រលងជាប់ហើយឡើងមកសិក្សានៅភ្នំពេញ ប៉ុន្តែការហ្វឹកហាត់មិនបានពេញលេញនោះទេដោយសារជាប់សិក្សាផង និងជួយការងារក្នុងហាងផង យ៉ាងណាសម្រាប់ការមានឈ្មោះប្រកួតលើកដំបូងនេះរូបគេនឹងពង្រឹងការហ្វឹកហាត់ប្អូនអោយច្រើនជាងមុនសម្រាប់ត្រៀមប្រកួត ។
ទេព ឧត្តម នឹងប្រកួតជាលើកដំបូងនៅថ្ងៃ អាទិត្យ ទី ២៦ ខែ មេសា ឆ្នាំ ២០២០ ដោយត្រូវជួបជាមួយកីឡាករ ផាន់ សុវណ្ណថា ដែលជាកូនសិស្សរបស់លោក ពេជ្រ សុផាន់ លើប្រភេទទម្ងន់ ៥១ គីឡូក្រាម ក្នុងកម្មវិធី ខារ៉ាប៉ាវ នាសង្វៀន បាយ័ន វេលាម៉ោង ៦ ល្ងាច ៕