បិសាចក្រហមខឹងនឹងព័ត៌មានស្តីពីការទាមទាររបស់ Paul Pogba នូវថ្លៃឈ្នួល ៦០០,០០០ ផោនក្នុងមួយសប្តាហ៍
(BC-99)
ក្រុមបិសាចក្រហម Manchester United មានការខឹងសម្បារយ៉ាងខ្លាំងដោយសារមានព័ត៌មានស្តីពី Paul Pogba កំពុងស្នើសុំតម្លើងប្រាក់ឈ្នួលចំនួន ៦០០,០០០ ផោនក្នុងមួយសប្តាហ៍ជាថ្នូរនឹងការស្នាក់នៅ Old Trafford ជាបន្ត។
Pogba ត្រូវបានផ្សារភ្ជាប់ជាយូរមកហើយជាមួយនឹងការផ្លាស់ប្តូរចេញពីក្លឹប Manchester United ហើយត្រូវបានគេគិតថាកីឡាករបារាំងរូបនេះមានបំណងចង់ចូលរួមជាមួយ Real Madrid ប៉ុន្តែការផ្ទេរនៅរដូវក្តៅកន្លងទៅបានបរាជ័យដោយសារតែក្រុម United មិនមានបំណងចង់លក់រូបគេសោះឡើយ។ Pogba លេងមិនបានជាប់លាប់នោះទេនៅរដូវកាលនេះដោយសារបញ្ហារបួសកជើងរីឯពាក្យចចាមអារាមក៏នូវតែលិចឮដោយអះអាងថាគេកំពុងតែសម្លឹងឃើញកិច្ចព្រមព្រៀងថ្មីដែលមានតម្លៃថ្លៃប្រសិនបើបិសាចក្រហមចង់ទុកគេនៅជាសមាជិក។
ដំណឹងបែកធ្លាយចេញពីមាត់អ្នកស្រី Karren Brady អនុប្រធានក្លិប West Ham បានប្រាប់កាសែត The Sun ថា Pogba ចង់បានប្រាក់ ៦០០,០០០ ផោនក្នុងមួយសប្តាហ៍ដើម្បីបន្តការរួមរស់ជាមួយ United នៅ Old Trafford។ ក៏ប៉ុន្តែប្រធាហិរញ្ញវត្ថុរបស់ក្រុមបិសាចក្រហមក៏ធ្វើការឆ្លើយតបទៅវិញភ្លាមៗដែរថា “នេះគឺជាដំណឹងដ៏គួរឱ្យអស់សំណើចណាស់ដែលចោទថា Pogba បានទាមទារដំឡើងប្រាក់ខែខ្ពស់កប់ពពកបែបនេះ”។
ប្រភពផ្សេងទៀតពី Daily Mail បានអោយដឹងអំពីការបញ្ជាក់របស់អ្នកនាំពាក្យក្រុម Man Utd ដែរថា “កិច្ចសន្យារបស់ Paul នៅមានសុពលភាព២ឆ្នាំទៀតដោយភ្ជាប់លើកិច្ចសន្យាមួយឆ្នាំបន្ថែម ដូចនេះវាមិនមែនជាពេលវេលាដែលគេត្រូវនិយាយអំពីប្រាក់ឈ្នួលនោះទេនាពេលនេះ។ យើងមិនជឿថា Paul Pogba ជាកីឡាករដែលគិតអំពីលុយជាធំដូចដែលអនុប្រធានក្លិប West Ham បាននិយាយប្រាប់អ្នកកាសែតឡើយ”។